(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ បានថ្កោលទោសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងខ្លាំង សម្រាប់ការប្រកាសទទួលស្គាល់ដែនដីស៊ីរី Golan Heights គឺជាកម្មសិទ្ធិរបស់អ៊ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំបានប្រកាសទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែលនៅក្នុងពិធីចុះហត្ថលេខា មួយនៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ នាឱកាសដែលលោក ណឺតាន់យ៉ាហ៊ូ បំពេញទស្សនកិច្ចនៅ សហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍រវបស់ខ្លួន អារ៉ាប៊ីសាអូឌីតបានសម្ដែងការជំទាស់ និងថ្កោលទោស យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ដែលធ្លាប់បានបង្ករឿងម្ដងរួចមកហើយកាលពីឆ្នាំ២០១៧ តាមរយៈ ការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល។

សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា៖ «ការព្យាយាមកែប្រែការពិតដែលបានកើតឡើង គឺមិនអាចផ្លាស់ប្ដូរការ ពិតបាននោះទេ...ហើយវាមានតែបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណើរការស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា Golan Heights គឺជាទឹកដីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស៊ីរី តែត្រូវបានអ៊ីស្រាអែលដណ្ដើមយក នៅអំឡុងសង្រ្គាម៦ថ្ងៃជាមួយអារ៉ាប់កាលពីឆ្នាំ១៩៦៧។ រីឯអ៊ីស្រាអែលបានដាក់តំបន់នេះនៅក្រោមឧបសម្ព័ន្ធរបស់ខ្លួន នៅឆ្នាំ១៩៨១ ខណៈមិនមានការទទួលស្គាល់ពីអន្តរជាតិឡើយ៕