(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុន Boeing ដែលនាពេលថ្មីៗនេះ កំពុងទទួលរងសម្ពាធធ្ងន់ដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX 8 បានចុះកិច្ចព្រមព្រៀងមួយទំហំប្រមាណ៣៤ពាន់លានដុល្លារ ដើម្បីលក់យន្តហោះ៣០០គ្រឿងទៅឲ្យប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ការចុះកិច្ចព្រមព្រៀងខាងលើរវាង Airbus និងក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុកខាងទិញយន្តហោះ China Aviation Supplies Holding Company ត្រូវបានធ្វើឡើងនាថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅប្រទេសបារាំង ហើយយន្តហោះដែល Airbus នឹងត្រូវប្រគល់ឲ្យទីក្រុងប៉េកាំង រួមមានធុន A320 ២៩០គ្រឿង និងធុន A350 ចំនួន១០គ្រឿង។ បើតាមក្រុមមន្រ្តីរដ្ឋាភិបាលបារាំង កិច្ចព្រមព្រៀងនេះមានទំហំ៣៣.៩ពាន់លានដុល្លារ ប៉ុន្តែអាចមានការបញ្ចុះតម្លៃថែមទៀតពី Airbus។
គួរជម្រាបថា ការបញ្ជាទិញយន្តហោះខាងលើ មានទំហំស្មើគ្នានឹងការបញ្ជាទិញយន្តហោះរបស់ Boeing ចំនួន៣០០គ្រឿងកាលពីឆ្នាំ២០១៧ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ប៉េកាំង ប៉ុន្តែចាប់តាំងពីពេលនោះមកពុំមានការបញ្ជាទិញធំដុំអ្វីទៀតឡើយពីចិន ដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ម៉្យាងវិញទៀត ដំណឹងដ៏ល្អសម្រាប់ក្រុមហ៊ុន Airbus នេះទៀតសោត បានកើតឡើង ចំពេលប្រភេទយន្តហោះដែលលក់ដាច់បំផុតរបស់ Boeing គឺ 737 MAX 8 ត្រូវបានបញ្ឈរជើងចោលជុំវិញពិភពលោក ហើយថែមទាំងមានការផ្អាកទទួលយកយន្តហោះនេះ រួមនិងការលុបចោលការបញ្ជាទិញមួយចំនួនទៀតផង ដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX 8 នៅអេត្យូពីនិងនៅឥណ្ឌូណេស៊ី។ ភ្លាមៗក្រោយការធ្លាក់នៅអេត្យូពី ចិនគឺជាប្រទេសដំបូងគេ ដែលបានបង្គាប់ឲ្យអាកាសចរណ៍ប្រទេសខ្លួនបញ្ឈរជើងយន្តហោះស៊េរីថ្មីនេះ៕