(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកទិញដូរផលិតផលបម្រើវិស័យការពារជាតិលោកស្រី អ៊ែលអេន ឡដ (Ellen Lord) បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាជាមួយក្រុមហ៊ុន Ericsson (Erikson Corporation) មានមូលដ្ឋានក្នុងប្រទេសស៊ុយអែត ស្ដីពីការអភិវឌ្ឍ បច្ចេកវិទ្យាទូរគមនាគមន៍ 5G ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សចិន Huawei។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
នៅចំពោះមុខក្រុមប្រឹក្សាអាត្លង់ទិចនៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី Lord បានលើកឡើងយ៉ាងដូច្នេះថា «ជាការពិតណាស់បច្ចុប្បន្ន Huawei និង Ericsson គឺជាក្រុមហ៊ុននាំមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា 5G ហើយយើងក៏កំពុងពិភាក្សាផងដែរជាមួយក្រុមហ៊ុន Erikson នូវអ្វីដែលយើង (ក្រសួងការពារជាតិ) កំពុងផ្ដោតសំខាន់ថា តើគួរតែយើងពង្រីកមូលដ្ឋានផលិតផល នៅក្នុងស្រុករបស់យើងយ៉ាងដូចម្ដេច»។
គួរបញ្ជាក់ថា លោកស្រី Ellen Lord បានទទួលស្គាល់ដែរថា សព្វថ្ងៃក្រុមហ៊ុន Huawei ពិតជាមានសមត្ថភាពខ្ពស់ជាមួយតម្លៃទាបលើការផ្គត់ផ្គង់បណ្តាញ 5G ហើយលោកស្រីសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបគួរតែចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G នេះ។ បើការចុះផ្សាយព័ត៌មានកន្លងមកឲ្យដឹងថា ដោយសារតែសង្គ្រាមពានិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមហ៊ុន Huawei ក្លាយជាមុខព្រួញនៃការយាយីពីសំណាក់នយោបាយគាំពារនិយមរបស់អាមេរិក ខណៈដែល Huawei កំពុងតែដើរតួនាទីធំជាងគបង្អស់ លើការផ្គត់ផ្គង់បច្ចេកវិទ្យាទូរគមនាគមន៍ទំនើបចុងក្រោយនេះ នៅទូទាំងសកលលោក៕