(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) និងមនុស្សជំនិតរបស់លោក ០៧នាក់ផ្សេងទៀតត្រូវបាន ដោះលែងចេញពីពន្ធនាគារហើយនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទពុករលួយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
លោក Temer និងអតីតរដ្ឋមន្ត្រីរ៉ែ និងថាមពល លោក ម៉ូរៃរ៉ា ហ្វ្រាន់កូ (Moreira Franco) រួមទាំងមនុស្សជំនិត ០៦នាក់ទៀតរបស់លោក ត្រូវបានចៅក្រមសហព័ន្ធលោក អាន់តូនីញ៉ូ អ៊ីវ៉ាន អាធី (Antonio Ivan Athie) សម្រេចដោះលែងដោយសំអាងថា ការសម្រេចចិត្តនេះធ្វើឡើងដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីសិទ្ធិជនសង្ស័យក្នុងការស្ថិតនៅក្រៅឃុំ ខណៈកំពុងរង់ចាំសវនាការ។
គួរបញ្ជាក់ថា លោក Michel Temer ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីអស់អំណាចរយៈពេលជាង ៨០ថ្ងៃមកនេះ ពីបទពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនថាមពលមួយ ដែលទទួលបានកិច្ចសន្យាពីរដ្ឋាភិបាលរបស់លោក សាងសង់រោងចក្រថាមពល។ ប៉ុន្តែអំឡុងពេលសួរចម្លើយ អតីតប្រធានាធិបតីរូបនេះបានសម្រេចចិត្តនៅស្ងៀម ដោយមិនព្រមឆ្លើយសំនួរអ្វីទាំងអស់។
លោក Temer គឺជាអតីតប្រធានាធិបតីប្រេស៊ីលត្រូវបានចាប់ខ្លួន ក្រោមប្រតិបត្តិការបោសសម្អាតមួយមានឈ្មោះថា Operation Car Wash ស្របពេលអតីតប្រធានាធិបតីម្នាក់ទៀត គឺលោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដឺស៊ីលវ៉ា (Luiz Inacio Lula da Silva) កំពុងទទួលការអនុវត្ត ទោសជាប់ពន្ធនាគារ ១២ឆ្នាំ និងមួយខែពីបទពុករលួយ។
លោក Temer បានឡើងកាន់អំណាចជាប្រធានាធិបតីប្រេស៊ីលនៅពាក់កណ្ដាលឆ្នាំ២០១៦ ក្រោយអតីតប្រធានាធិបតី លោកស្រី ឌីម៉ា រួស្សេហ្វ (Dilma Rousseff) ត្រូវដកតំណែង ហើយលោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) គឺជាប្រធានាធិបតីបច្ចុប្បន្នកំពុងកាន់តំណែងនៅប្រេស៊ីល ចាប់តាំងពីថ្ងៃទី១ ខែមករាកន្លងទៅនេះ ក្រោយលោកឈ្នះឆ្នោត និងស្បថឡើងកាន់តំណែង៕