(ម៉ូស្គូ)៖ យន្ដហោះយោធារុស្ស៊ី ០២គ្រឿង ដែលត្រូវបានគេរាយការណ៍ថា ដឹកកងទ័ពរាប់សិបនាក់ និងបេក្ខាមួយចំនួនធំបានចុះចត នៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស់ ប្រទេសវេណេស៊ុយអេឡា កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈសហរដ្ឋអាមេរិករឹតតែបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មាន BBC ផ្អែកលើអ្នកសារព័ត៌មានវេណេស៊ុយអេឡា លោក ហ្សាវៀ ម៉ាយ៉ូកា (Javier Mayorca) បានបញ្ជាក់ទៀតថា យន្ដហោះយោធាដឹកជញ្ជូនរុស្ស៊ី Antonov-124 និងយន្ដហោះខ្នាតតូចមួយគ្រឿងទៀតមានដឹកកងទ័ព ១០០នាក់ និងបរិក្ខាមួយចំនួន បានចុះចតនៅឯអាកាសយានដ្ឋានទីក្រុងការ៉ាកាស់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។
ដោយឡែក បើតាមសារព័ត៌មាន Sputnik យន្ដហោះទាំង០២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យាបច្ចេកទេសយោធា ហើយវាកើតឡើងតែ៣ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំង០២ធ្វើសមយុទ្ធយោធារួមគ្នា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងការ៉ាកាស់មានភាពរឹងមាំកាន់តែខ្លាំង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសគឺក្រោយសហរដ្ឋអាមេរិក ប្រកាសទទួលស្គាល់មេបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaidó) ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា កាលពីខែមករាកន្លងទៅ៕