(បាងកក)៖ ភាពភ្ញាក់ផ្អើលនិងការសង្ស័យបាននិងកំពុងកើតឡើង បន្ទាប់ពីគណៈកម្មាការរៀបចំការបោះឆ្នោតថៃបានពន្យារពេលប្រកាសលទ្ធផលបឋមរហូតដល់ម៉ោងប្រមាណ ២៖០០នាទីរសៀល ថ្ងៃចន្ទនេះវិញខណៈបើតាមការគ្រោងទុកការប្រកាសលទ្ធផលត្រូវធ្វើឡើងនៅម៉ោង ១០៖០០នាទីព្រឹកមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើទោះជាលទ្ធផលមិនទាន់ចេញផ្លូវការក៏ដោយក៏នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ទំនងជានឹងនៅតែបន្តកាន់តំណែងជា មេដឹកនាំប្រទេសថៃដដែល ក្រោយពីចំនួនអាសនៈ ដែលគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath ឬ PPRP) ទទួលបានក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ គឺលើសពីការរំពឹងមនុស្សរបស់ មនុស្សគ្រប់គ្នា ទោះបីជាគណបក្សភឿថៃ (Pheu Thai) បានឈ្នះអសនៈច្រើនជាងគេក៏ដោយ ។
បើតាមលទ្ធផលក្រៅផ្លូវការនៃការរាប់សន្លឹកឆ្នោតដែលបានចុះផ្សាយលើសារព័ត៌មាន បាងកកប៉ុស្តិ៍ គណបក្ស Pheu Thai ឈរលេខរៀងទី១ ដោយទទួលបាន១៣៥អាសនៈ, ខណៈគណបក្ស PPRP ឈរនៅលេខរៀងទីពីរជាមួយ១១៧អាសនៈ និងតាមពីក្រោយដោយគណបក្សអនាគតទៅមុខ (Future Forward Party) ដែលទទួលបាន ៨០អាសនៈ, គណបក្សប្រជាធិបតេយ្យ (Democratic Party) ទទួលបាន ៥៣អាសនៈ និងគណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៥១អាសនៈ។
ទោះជាបែបនេះក្តី យោងតាមលទ្ធផលក្រៅផ្លូវការខាងលើដដែល គណបក្ស PPRP ដែលស្និទ្ធនឹងយោធាថៃ ទទួលបានសំឡេងឆ្នោតគាំទ្រសរុប ៧,៦៨១,៧១៨សន្លឹក ខណៈបក្ស Pheu Thai ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧,២១៣,៤៦៧សន្លឹក។ ហេតុដូចនេះគណបក្ស PPRP អាចនឹងទទួលបាន អាសនៈបន្ថែម ដែលគេហៅថា (Party-list Seat) ច្រើនជាង គណបក្ស Phue Thai។
គួរជម្រាបថា ប្រសិនបើក្រុមគណបក្សគាំទ្រប្រជាធិបតេយ្យដូចជា Pheu Thai និង Future Forward ជាដើម មិនអាចប្រមូលផ្តុំអាសនៈបានយ៉ាងតិច ២៥១សំឡេង ឬក៏ពាក់កណ្តាល នៃអាសនៈទាំង ៥០០ ទេនោះ គណបក្ស Pheu Thai នឹង មិនងាយបង្កើតរដ្ឋាភិបាលចេញឡើយ ហើយបក្ស PPRP នឹងត្រូវក្លាយជាអ្នកបង្កើតរដ្ឋាភិបាលជំនួសវិញ ដោយសារតែមានអំណាចចរចាខ្លាំងជាងបក្សដទៃទៀត ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ៕