Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាចម្បាំងអាមេរិកពីរគ្រឿង ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅមុនជំនួបស្តីពីបញ្ហាសេដ្ឋកិច្ចអាមេរិក-ចិន ត្រូវធ្វើឡើង នៅប៉េកាំង

25-03-2019 11:10

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបញ្ជូននាវា ចម្បាំង ០២គ្រឿង ឱ្យធ្វើដំណើរកាត់តាមច្រក សមុទ្រ តៃវ៉ាន់ នៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើង មុនមន្ត្រីកំពូល អាមេរិកត្រៀមខ្លួន ធ្វើដំណើរមកកាន់ ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុង កិច្ចប្រជុំពាណិជ្ជកម្ម កម្រិតខ្ពស់ជាមួយ ក្រុមមន្ត្រីចិន។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដី ថ្លែងការណ៍យោធាមេរិកបានឱ្យដឹងយ៉ាងដូច្នេះថា «នាវាពិឃាត អាមេរិក យូអេសអេស ឃើទីស វ៉ាល់ប្យួរ (USS Curtis Wilbur) និងនាវា USCGC ប៊ឺតហូលហ្វ៍ (USCGC Bertholf) បានដឹកនាំការធ្វើដំណើរជាទម្លាប់កាត់ តាមច្រកសមុទ្រតៃវ៉ាន់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ស្របទៅតាមច្បាប់ អន្តរជាតិ... ហើយប្រតិបត្តិការនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការ អនុវត្តសេរីភាព នាវាចរ និងបើកចំហ នៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក»

គួររំលឹកថា សហរដ្ឋអាមេរិកក៏ ធ្លាប់បានបញ្ជូននាវាចម្បាំង ០២គ្រឿង ឱ្យធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ផងដែរ កាលពីខែមករា និងខែកុម្ភៈកន្លងទៅ បើទោះជាដឹងថា ការធ្វើបែបនេះធ្វើឱ្យចិនក្ដៅក្រហាយ និងព្រមានប្រើកម្លាំង យោធាលើ កោះតៃវ៉ាន់ក៏ ដោយ។ ដោយឡែកសកម្មភាពលើកនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មធ្ងន់ៗណាមួយ ត្រូវបានធ្វើឡើង ពីសំណាក់ចិន នោះឡើយ៕