(វ៉ាស៊ីនតោន)៖ របាយការណ៍សង្ខេប មួយរបស់រដ្ឋអាជ្ញា ពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) បានបញ្ជាក់ថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានគប់គិតគ្នាជាមួយរុស្ស៊ី នៅអំឡុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦នោះទេ។ នេះបើតាមការ ចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
របាយការណ៍ខាងលើ ដែលសង្ខេបឡើងដោយ អគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បា (William Barr) សម្រាប់ដាក់ជូនសភាកាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) បានបញ្ជាក់ យ៉ាងដូច្នេះថា «រដ្ឋអាជ្ញាពិសេស លោក Robert Mueller មិនបានរកឃើញថា បុគ្គលអាមេរិកណាម្នាក់ ឬក៏មន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ផ្ទាល់បានគប់គិតជាមួយ រុស្ស៊ីនោះទេ»។ បន្ថែម ពីលើនេះរបាយការណ៍សង្ខេបនេះដដែល ក៏មិនបានបង្ហាញថា លោក ត្រាំ ធ្លាប់បានរារាំង ឬបង្កឧបសគ្គដល់ប្រព័ន្ធ យុត្តិធម៌អាមេរិក នោះដែរ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller បានបិទបញ្ចប់ការស៊ើប អង្កេតជាងរយៈពេល០២ឆ្នាំ លើសំណុំរឿងរុស្ស៊ីកាលពី ថ្ងៃសប្ដាហ៍មុន ហើយបើទោះជាមិនមាន ការបញ្ជាក់ថា លោក ត្រាំ មានពាក់ព័ន្ធនឹងរុស្ស៊ីក៏ដោយ ក៏គេសង្កេតឃើញថា អតីតមន្ត្រីជំនិតរបស់លោកជាច្រើននាក់ ខ្លះត្រូវបានចោទ ប្រកាន់ និងខ្លះត្រូវទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៕