(បាងកក)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ ដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកទ្វារនៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។ នេះគឺជាការបោះឆ្នោតសកលជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រី ថៃ កាលពីខែឧសភា ឆ្នាំ២០១៤។
ប៉ុន្តែបើតាមអ្នកវិភាគមួយចំនួន បើទោះជាការមានការរំពឹងជាច្រើនថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះនឹងស្ដារលិទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការដឹកនាំដោយរដ្ឋាភិបាល ស៊ីវិលឡើងវិញក៏ដោយ ក៏យោធាថៃនឹងនៅតែមានតួនាទីសំខាន់ក្នុងការសម្រេចចិត្តខាងនយោបាយដដែលក្រោមរដ្ឋធម្មនុញ្ញថ្មី ហើយមិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Prayuth Chan-ocha ក៏នៅតែមានសង្ឃឹមថា អាចនឹងបន្តដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតផងដែរ។
ខាងក្រោមនេះគឺជាការរៀបរាប់ត្រួសៗពីប្រព័ន្ធបោះឆ្នោតថ្មីរបស់ថៃ ដែលអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ចោទថា មានបំណងរារាំងគណបក្សរបស់ពួកគេមិនឱ្យទទួលបានជ័យជម្នះ៖
* ព្រឹទ្ធសភា
អសនៈ ឬកៅអីចំនួន២៥០នៃព្រឹទ្ធសភា គឺត្រូវបានតែងតាំងទាំងស្រុងដោយរបបយោធាថៃ តែបើតាមរដ្ឋធម្មនុញ្ញាចាស់ អសនៈនៃ ព្រឹទ្ធសភាត្រូវបានតែងតាំងតែមួយចំនួនប៉ុណ្ណោះ តែមិនទាំងស្រុងនោះទេ។ ព្រឹទ្ធសភានឹងត្រូវចូលរួមជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៨មក ជាមួយសភាជាន់ទាបដែលមានអសនៈសរុបចំនួន៥០០ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាលថ្មី ខណៈកាលពីលើកមុនៗមានតែសមាជិកសភាប៉ុណ្ណោះដែលបោះឆ្នោតរើសនាយករដ្ឋមន្ត្រី។ បន្ថែមពីលើនេះ ដើម្បីអាចបង្កើត រដ្ឋាភិបាលមួយបាន គណបក្សនយោបាយឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការអសនៈចាប់ពី ៣៧៦ ឡើងទៅក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង ព្រឹទ្ធសភា។
* សភាតំណាងរាស្ត្រ
សមាសភាពនៃសភាតំណាងរាស្ត្រទាំង៥០០អសនៈគឺអ្វីដែលនឹងត្រូវបានសម្រេចចិត្តនៅថ្ងៃអាទិត្យនេះ ប៉ុន្តែមិនមែនរាល់អសនៈ ទាំងអស់ត្រូវឆ្លងកាត់ការបោះឆ្នោត ដោយផ្ទាល់នោះទេ។ ពោលគឺបើតាមរដ្ឋធម្មនុញ្ញថ្មី សភាតំណាងរាស្ត្រមានអសនៈឬកៅអីចំនួន ៣៥០ ដែលអ្នកបោះឆ្នោតត្រូវជ្រើសរើសដោយផ្ទាល់នូវបេក្ខជន និងគណបក្សដែលខ្លួនពេញចិត្ត។
* ទម្រង់បែបបទសម្រាប់អសនៈគណបក្ស
តម្លៃនៃអសនៈមួយក្នុងសភាតំណាងរាស្ត្រ គឺត្រូវបានកំណត់ដោយផ្អែកលើចំនួនសរុបនៃអ្នកបោះឆ្នោត និងការបែងចែកអសនៈ ទាំង៥០០។ ជាឧទាហរណ៍ បើនៅថ្ងៃអាទិត្យនេះ មានប្រជាជន៤០លាននាក់ទៅបោះឆ្នោត នោះដើម្បីទទួលបានអសនៈមួយក្នុងសភា គណបក្សនីមួយៗត្រូវទទួលបានសំឡេងឆ្នោត៨០,០០០នាក់។
* ការជ្រើសរើសនាយករដ្ឋមន្ត្រី
គណបក្សមួយត្រូវតែមានអសនៈយ៉ាងតិចណាស់២៥កៅអី នៅក្នុងសភាតំណាងរាស្ត្រដើម្បីអាចតែងតាំងបេក្ខជនសម្រាប់តំណែង ជានាយករដ្ឋមន្ត្រី។ បន្ទាប់មកទៀត បេក្ខជនម្នាក់ៗត្រូវធ្វើយ៉ាងណាទទួលបានការគាំទ្រ៣៧០ ក្នុងចំណោមសមាជិកសភា និងព្រឹទ្ធសភា៧៥០នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ពីព្រោះរបបយោធាថៃនឹងមានអសនៈ២៥០នៅក្នុងព្រឹទ្ធសភារួចស្រេច រីឯ គណបក្ស Palang Pracharat ដែលជាសម្ព័ន្ធមិត្តយោធាថៃ ត្រូវការអសនៈតែ១២៦បន្ថែមទៀតប៉ុណ្ណោះនៅក្នុងសភា។
លើសពីនេះទៅទៀត នៅក្នុងករណីក្រុមចំរុះ ឬដៃគូចំរុះមិនអាចឯកភាពលើការជ្រើសរើសនាយករដ្ឋមន្ត្រី នោះរដ្ឋធម្មនុញ្ញថ្មីនឹងអនុញ្ញាតឱ្យមានការជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ ដែលមិនមែនជាសមាជិកសភា។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះមណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេស ថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋចូលទៅបោះឆ្នោត បានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។ ដោយឡែក លទ្ធផលមិនទាន់ផ្លូវការ នឹងត្រូវប្រកាសនៅវេលាម៉ោង៨៖០០នាទីយប់ថ្ងៃដដែល៕
ប្រភព៖ Reuters