សញ្ញាអាសន្នពីរលកយក្សស៊ូណាមិត្រូវប្រកាសក្នុងខេត្តចំនួន៦របស់ថៃ បន្ទាប់ពីគ្រោះរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា (Video Inside)
24-03-2019 09:14
(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា ការប្រកាសសញ្ញាអាសន្នពីគ្រោះរលកយក្សស៊ូណាមិត្រូវបានធ្វើ ឡើងនៅក្នុងខេត្តចំនួន៦របស់ប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី២លើកវាយប្រហារលើមហាសមុទ្រឥណ្ឌាកាលពីថ្ងៃសៅរ៍។ នេះ បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។
យោងតាមស៊ីនហួរ ដោយផ្អែកលើការបញ្ជាក់ពីនាយដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយថៃ ការប្រកាសសញ្ញាអាសន្នពី រលកយក្សត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៦ មានដូចជាខេត្ត Ranong, Phuket, Phang Nga, Krabi, Trang និងខេត្ត Satun។ ការប្រកាសនេះទៀតសោតធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថាគ្រោះ រញ្ជួយដី២លើកមានកម្រិត៥.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ក្បែរកោះ Andaman នៃមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា កោះ Andaman និងប្រទេសថៃមានទីតាំងស្ថិតនៅលើតំបន់ដែលមានគ្រោះរញ្ជួយដីសកម្ម។ តួរយ៉ាងកាលពីឆ្នាំ ២០០៤ មនុស្សរាប់រយពាន់នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើប្រទេស ជាច្រើនមានព្រំដែនជាប់មហាសមុទ្រឥណ្ឌា៕