Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ការបោះឆ្នោតសកលជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ នៅក្នុងប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ

24-03-2019 09:00

(បាងកក)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ ដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកទ្វារនៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋថៃ មានសិទ្ធិ បោះឆ្នោតប្រមាណ៥២លាននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការបោះឆ្នោតជាលើកដំបូងនេះ គិតចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក។ បើគិតពីការ ធ្វើរដ្ឋប្រហារ យោធា ទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី តំណែង នាយករដ្ឋមន្ត្រី ថៃ កាលពីខែឧសភា ឆ្នាំ២០១៤ នោះគឺវាមានរយៈ០៥ឆ្នាំ ហើយ ក្នុង យុទ្ធនាការឃោសនារកសំឡេងឆ្លោត របស់បក្សនយោបាយ នានា មួយរយៈមកនេះ ប្រជាជនថៃភាគ ច្រើនត្រូវបានគេមើល ឃើញថា មានក្តីសង្ឃឹមក្នុងការស្តារលទ្ធិ ប្រជាធិបតេយ្យ របស់ខ្លួនឡើងវិញ ដោយពួកគេបានចាត់ទុកថា វាបានបាត់បង់ទៅ តាំងតែពីរដ្ឋប្រហារកាលពី០៥ឆ្នាំមុនម្ល៉េះ ប៉ុន្តែមួយចំនួនទៀតក៏នៅតែបង្ហាញការ ព្រួយបារម្ភផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោត ចំនួន ៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន ៧៧របស់ប្រទេស ថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទី ល្ងាច។ ដោយឡែក លទ្ធផលមិនទាន់ផ្លូវការ នឹងត្រូវប្រកាសនៅ វេលាម៉ោង៨៖០០នាទី យប់ថ្ងៃដដែល។ ដើម្បី អាច បង្កើតរដ្ឋាភិបាល មួយ បាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អសនៈចាប់ពី ៣៧៦ ឡើងទៅក្នុងចំណោម អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង ព្រឹទ្ធសភា៕