(រ៉ូម)៖ នាថ្ងៃសៅរ៍នេះប្រទេសអ៊ីតាលី បានចុះអនុស្សរណៈយោគយល់គ្នាមួយ (MoU) ជាមួយប្រទេសចិន ដើម្បីចូលរួមជាផ្លូវការក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវាត់នឹងផ្លូវ» ដែលជាផែនការបង្កើតបណ្តាញដឹកជញ្ជូននិងពាណិជ្ជកម្មពោរពេញដោយមហិច្ឆតារបស់ចិន លាតសន្ធឹងពីតំបន់អាស៊ីរហូតដល់ទ្វីបអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នាយប់ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ីតាលី និង នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានចូលរួមពិធីមួយសម្រាប់ការចុះហត្ថលេខា កិច្ចព្រមព្រៀងខាងលើនេះ ដែលសំដៅរួមគ្នាលើកកម្ពស់ ការស្ថាបនា គម្រោង «ខ្សែក្រវាត់និងផ្លូវ» ដោយប្រទេសទាំងពីរ ទទួលស្គាល់ក៏ដូចជាមើលឃើញពីសក្តានុពលដ៏អស្ចារ្យ នៃកិច្ចផ្តួចផ្តើមនេះ។

គួរជម្រាបថា តាមរយៈការចុះកិច្ចព្រមព្រៀង អ៊ីតាលីបានក្លាយជា ប្រទេសសេដ្ឋកិច្ចកំពូល G7 ដំបូងបង្អស់ដែលបានចុះឈ្មោះ ចូលរូមក្នុងគម្រោងដ៏ធំនេះ នៅចំពោះមុខភាពមិនពេញចិត្តពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប ខណៈ ដែល ចិន កំពុងព្យាយាមលើកស្ទួយតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ៕