(បាងកក)៖ ថ្ងៃសៅរ៍នេះគឺជាពេលចុងក្រោយហើយ ដែលបេក្ខជននានាត្រូវបញ្ចប់យុទ្ធនាគារឃោសនារកសំឡេងឆ្នោតរបស់ពួកគេ ហើយក៏ជាពេលដែលប្រជាពលរដ្ឋថៃមានសិទ្ធិបោះឆ្នោតប្រមាណ ៥២លាននាក់ ត្រូវត្រៀមខ្លួនប្រមូលផ្តុំកម្លាំង ដើម្បីចេញទៅគូសសន្លឹកឆ្នោតចាប់ពីពេលព្រឹករហូតដល់ពេលល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមីនា ស្អែកនេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី Bangkok Post នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
បើគិតពីការធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤ នោះគឺវាមានរយៈ០៥ឆ្នាំហើយ ខណៈក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្លោត របស់បក្សនយោបាយនានាមួយរយៈមកនេះ ប្រជាជនថៃភាគច្រើនត្រូវបានគេមើលឃើញថា មានក្តីសង្ឃឹមក្នុងការស្តារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញ ដោយពួកគេបានចាត់ទុកថា វាបានបាត់បង់ទៅតាំងតែពីរដ្ឋប្រហារកាលពី០៥ឆ្នាំមុនម្ល៉េះ ប៉ុន្តែមួយចំនួនទៀតក៏នៅតែបង្ហាញការព្រួយបារម្ភផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN។
ងាកទៅមើលកាលពីថ្ងៃសុក្រម្សិលមិញនេះវិញ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការអំពាវនាវរកសំឡេងឆ្នោត ដោយក្នុងនោះលោកថែមទាំងបានសន្យាទៀតថា «ខ្ញុំអាចបូជាជីវិតដើម្បីប្រទេសមួយនេះ» នៅចំពោះមុខអ្នកគាំទ្រជាង ៦,០០០នាក់ នៅក្នុងពហុកីឡដ្ឋានមួយកន្លែងក្នុងទីក្រុងបាងកក។ លោក ប្រាយុទ្ធ ដែលមានវ័យ ៦៥ឆ្នាំបានថ្លែងយ៉ាងដូច្នេះទៀតថា «ខ្ញុំធានាធ្វើឲ្យមានអនាគតប្រសើរឡើង សម្រាប់បណ្តាខេត្តទាំង ៧៧របស់ថៃ...។ គ្រប់គ្នាត្រូវតែមានជីវិតប្រសើរឡើង... ខ្ញុំអរគុណប្រជាជនថៃទាំងអស់ដែលបានសហការជាមួយខ្ញុំ សម្រាប់រយៈពេល០៥ឆ្នាំមកនេះ។ ខ្ញុំនឹងធ្វើឲ្យល្អប្រសើរបំផុត សម្រាប់ការងារនេះទៅមុខ...»។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែកនេះមណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង នឹងត្រូវបើកទ្វារនៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេសថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋចូលទៅបោះឆ្នោតបានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច។ ដោយឡែកលទ្ធផលមិនទាន់ផ្លូវការនឹងត្រូវប្រកាសនៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃដដែល។ ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បក្សនយោបាយឈ្នះឆ្នោត ឬដៃគូចំរុះត្រូវការអសនៈចាប់ពី ៣៧៦ ឡើងទៅក្នុងចំណោមអសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុងព្រឹទ្ធសភា៕