(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ​នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) បានជម្រុញឲ្យប្រទេសចិន​បន្តការបើកទូលាយ​ឡើងវិញ ព្រោះអនាគតរបស់​ពិភពលោក គឺពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ​គ្នារវាងសហរដ្ឋអាមេរិក និង​ប្រទេសចិន​ ខណៈដែល​មហាយក្សសេដ្ឋកិច្ច​ទាំងពីរនេះ នៅតែមិនទាន់អាច​ដោះស្រាយជម្លោះពាណិជ្ជកម្មដ៏ជូរចត់​រវាងគ្នា​នៅឡើយ ឈានចូលមក​ដល់ចុង​ខែមីនា ឆ្នាំ២០១៩ ទៅហើយ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ Channel News Asia នារសៀល​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ការថ្លែងរបស់​ CEO ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ខាងលើនេះ ត្រូវបានធ្វើឡើង​នៅក្នុងវេទនាអភិវឌ្ឍន៍​មួយនៅក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន​ផ្ទាល់តែម្តង។ លោក Tim Cook បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាលើកទឹកចិត្តឲ្យ​ប្រទេសចិន​ បន្តការបើក​ទូលាយទៅមុខ... យើងមើលឃើញ​អំពីភាពចាំបាច់នេះ មិនមែន​សម្រាប់​តែប្រទេសចិន​ក្នុងការពង្រឹងសក្តានុពល​របស់ខ្លួននោះ​ឡើយ តែវាក៏សម្រាប់​​សេដ្ឋកិច្ច​នៃសកលលោក​ទាំងមូល​ផងដែរ...»

គួរបញ្ជាក់ថា ការអំពាវនាវ​របស់​នាយក Apple ខាងលើនេះ ធ្វើឡើង​ចំពោះ​មុខការព្រួយ​បារម្ភ​នៃការលក់ផលិតផល Apple ជារួមនៅក្នុង​ទីផ្សារមហាយក្ស​ចិន ដែលជា​ទីផ្សារ​​ធំជាង​គេ​បង្អស់របស់​សកលលោក។ កាលពីត្រីមាស​ចុងក្រោយនៃ​ឆ្នាំ២០១៨ ការលក់​ផលិត​​របស់ Apple ជាពិសេស​គឺទូរស័ព្ទដៃ iPhone តែម្តង បានធ្លាក់ចុះរហូត​ដល់ទៅ ២៦% ដែល​វាត្រូវបាន​បង្កឡើងដោយ​ជម្លោះពាណិជ្ជកម្ម​រវាងអាមេរិក និងចិន​ជាចម្បង ខណៈគូប្រជែង​ធំៗរបស់ Apple ដែល​ជាផលិតផលក្នុងស្រុកចិន​ផ្ទាល់នោះ កាន់តែ​ច្បាម​បានប្រជាប្រិយភាព​​ខ្លាំងឡើងៗ​ក្នុងទឹកដី​​ខ្លួនឯង៕