(ការ៉ាកាស់)៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) បានស្នើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែនស៍ (Mike Pence) ចុះចេញពីតំណែងទៅ ដើម្បីអនាគតសម្រាប់មនុស្សជាតិគ្រប់រូបនៅលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
ការស្នើបែបនេះរបស់ប្រមុខការទូតវេណេស៊ុយអេឡាបានកើតមានឡើង បន្ទាប់ពីលោក Mike Pence បានលើកឡើងថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ គួរតែលះបង់អំណាចចោលទៅ ដើម្បីអាចឲ្យប្រទេសអាមេរិកឡាទីនមួយនេះមានអនាគតភ្លឺស្វាង នៅចំពោះមុខវិបត្តិនយោបាយដ៏តានតឹង។
គួរជម្រាបថា កាលពីខែមករាកន្លងទៅ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ក្រោយពីចោទប្រកាន់ថា ការជាប់ឆ្នោតអាណត្តិទីពីររបស់លោក ម៉ាឌូរ៉ូ គឺមិនស្របច្បាប់នោះឡើយ។ ភ្លាមៗនោះទីក្រុងវ៉ាស៊ីនតោនបានចេញមុខទទួលស្គាល់លោក Guadio ភ្លែត និងបានទទូចឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង៕