(ប៉ារីស)៖ ខណៈចលនាបាតុកម្មអាវកាក់ពណ៌លឿង នឹងបន្តឈានចូលដល់សប្តាហ៍ទី ១៩ នាថ្ងៃសៅរ៍នេះនៅប្រទេសបារាំង កងទ័ពត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងប៉ារីស ដើម្បីជួយឲ្យកម្លាំងប៉ូលិស ផ្តោតការយកចិត្តទុកដាក់បានល្អជាងមុន ក្នុងការរក្សាសណ្តាប់ ធ្នាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
ការធ្វើបាតុកម្មរបស់ចលនាក្រុមអាវកាក់ពណ៌លឿងត្រូវគេរំពឹងថា នឹងបន្តកើតឡើង នាចុងសប្តាហ៍នេះនៅប៉ារីស ទោះបីនាយករដ្ឋមន្រ្តីបារាំងលោក អេដូអាដ ហ្វីលីព (Edouard Phillippe) បានប្រកាសចេញបម្រាមហាមឃាត់ មិនឲ្យមានសកម្មភាពតវ៉ានៅតាមបណ្តាយដងវិថី ហ្សាំអេលីហ្សេ (Champs-Elysses) ឬតំបន់ជុំវិញនោះក៏ដោយ ក្រោយអំពើហិង្សាបានផ្ទុះឡើង កាលពីបាតុកម្មថ្ងៃសៅរ៍សប្តាហ៍មុន។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក បង់ហ្សាម៉ង់ គ្រីវ៉ក់ (Benjamin Griveaux) កងទ័ពនៃប្រតិបត្តិការ Operation Sentinelle ដែលធ្លាប់ត្រូវបានដាក់ពង្រាយសម្រាប់កិច្ចការពារប្រឆាំងអំពើភេរវកម្ម ក្រោយការវាយប្រហារពីភេរវកម្មកាលពីឆ្នាំ២០១៥នោះ ត្រូវបានដាក់ពង្រាយសាជាថ្មី ដើម្បីជួយដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងការធ្វើបាតុកម្មរបស់ចលនាអាវកាក់ពណ៌លឿង នាចុងសប្តាហ៍នេះ ដូចជាការដើរល្បាតផ្លូវការពារអាកាសយានដ្ឋាន ស្ថានីយរថភ្លើង កន្លែងទីសក្ការៈបូជា និងទីតាំងផ្សេងៗទៀត។
ទាក់ទិនការដាក់ពង្រាយទ័ពនេះប្រធានាធិបតីបារាំងលោក អេមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានគូសបញ្ជាក់ថា កងកម្លាំងយោធានឹងមិនចូលរួមធ្វើ សកម្មភាពផ្ទាល់ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈឡើយ ព្រោះវាគឺជាការងាររបស់ក្រុម ប៉ូលិស។ បេសកកម្មរបស់ពួកគេ គឺប្រយុទ្ធប្រឆាំងភេរវកម្ម និងការពារទីតាំងសំខាន់ៗ។ នៅក្នុងប្រទេសបារាំងកងទ័ពពុំមានតួនាទីត្រួតត្រា លើការរក្សាសណ្តាប់ធ្នាប់ សង្គមឬការអនុវត្តន៍ច្បាប់ឡើយ។
គួរជម្រាបថា ចលនាបាតុកម្មអាវកាក់ពណ៌លឿង បានកើតមានជាលើកដំបូងកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីសម្តែង ការតវ៉ាចំពោះគម្រោងដំឡើងពន្ធសាំង-ម៉ាស៊ូត របស់រដ្ឋាភិបាលបារាំង ហើយក្រោយវាបានបន្តប្រព្រឹត្តទៅប៉ុន្មានសប្តាហ៍ជាប់ៗគ្នា រដ្ឋាភិបាលបារាំងក៏បានលុបចោលផែនការនេះ និងបានផ្តល់សម្បទានមួយចំនួនផ្សេងទៀត ប៉ុន្តែទោះជាបែបនេះក្តីការធ្វើបាតុកម្មរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅតែបន្តប្រព្រឹត្តទៅ៕