(ដាម៉ាស់)៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសនាថ្ងៃសៅរ៍នេះថា ក្រុមភេរវករ ISIS ត្រូវបានកម្ចាត់ចេញពីមូលដ្ឋានស្នូលចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរីហើយ គឺនៅតំបន់ Baghouz។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
កងកម្លាំង SDF បានប្រកាសថាជ័យជម្នះនេះ គឺជាទីបញ្ចប់នៃរដ្ឋ Caliphate របស់ពួក ISIS ដែលកន្លងមកនេះ មានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយបានប្តេជ្ញាថានឹងបន្តយុទ្ធនាការទៅមុខទៀត ដើម្បីតាមកម្ទេចកោសិកា ISIS ដែលនៅសេសសល់រប៉ាត់រប៉ាយ រហូតទាត់ក្រុមភេរវករនេះលែងមានវត្តមានទាំងស្រុងតែម្តង។
គួរជម្រាបថា ទោះការកម្ចាត់ពួក ISIS នៅតំបន់ Baghou គឺជាការបិទបញ្ចប់រដ្ឋ Caliphate ដែលបានវាតទីលើប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដែលក្រុមភេរវករនេះបានប្រកាសបង្កើតឡើងដោយខ្លួនឯងកាលពីឆ្នាំ២០១៤ក្តី ISIS នៅតែជាការគំរាមកំហែងពុំអាចប្រហែសបានមួយដដែល។ សមាជិកមួយចំនួនរបស់ ISIS នៅបន្តមានវត្តមានតាមតំបន់វាលខ្សាច់ដាច់ស្រយាលនៅភាគកណ្តាលស៊ីរី រីឯនៅតាមទីក្រុងនៃប្រទេសអ៊ីរ៉ាក់ ពួកគេបានពួនសំងំដើម្បីធ្វើសកម្មឆ្មក់វាយប្រហារឬចាប់ជំរិត និងរង់ចាំឱកាសដើម្បីប្រមូលកម្លាំងងើបឡើងវិញ៕