(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃសុក្របានបញ្ចេញរូបភាពពីផ្កាយរណបនៃបន្ទុះអាចម៍ផ្កាយមួយនៅលើផ្ទៃសមុទ្រ Bering ចន្លោះភាគខាងកើតរុស្ស៊ី និងរដ្ឋអាឡាស់ស្កាសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៨ ដែលពុំមាននរណាដឹងឡើយរហូតទាល់តែមកដល់ពេលនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
បន្ទុះអាចម៍ផ្កាយនោះបានបញ្ចេញថាមពលប្រមាណ ១៧៣គីឡូតោន ដែលខ្លាំងជាងគ្រាប់បែកបរមាណូ ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅជាង ១០ដងឯណោះ។ ព្រឹត្តិការណ៍នេះត្រូវបានថតយកបានដោយឧបករណ៍ចំនួនពីរ នៅលើផ្កាយរណបឈ្មោះថា Terra របស់អង្គការ NASA ហើយក្នុងរូបភាពទាំងនោះ បានបង្ហាញឲ្យឃើញពីដានសម្រោលរបស់អាចម៍ផ្កាយនៅលើផ្ទៃពពក ព្រមទាំងដុំភ្លើង។
គួរជម្រាបថា អាចម៍ផ្កាយ (Asteriod) ឬអាចម៍ផ្កាយដុះកន្ទុយ (Comet) ដែលចូលមកក្នុងបរិយាកាសផែនដីត្រូវគេហៅថា Meteor ឬក៏ Shooting Star ខណៈបំណែកនានារបស់វាដែលមិនឆាបឆេះអស់ ហើយធ្លាក់មកដល់លើផ្ទៃផែនដីត្រូវគេហៅថា Meteorite។ ហេតុការណ៍ផ្ទុះអាចម៍ផ្កាយខាងលើ គឺជាបន្ទុះដ៏ខ្លាំងក្លាបំផុតគិតចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះអាចម៍ផ្កាយនៅក្រុង Chelyabinsk របស់រុស្ស៊ីកាលពីឆ្នាំ២០១៣។
ទោះជាបែបនេះក្តី ទំហំរបស់អាចម៍ផ្កាយខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែវាជារឿងដែលមហាសំណាងបំផុត ដោយសារវាមិនបានធ្លាក់ទៅចំកន្លែងដែលមានមនុស្សរស់នៅ ឬបង្កទៅជារលកយក្សស៊ូណាមិ ដែលគម្រាមកំហែងដល់ជីវិតមនុស្ស៕