(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ចូសេព ដុនហ្វដ (Joseph Dunford) បានបញ្ជាក់ឲ្យដឹងថា លោកគ្រោងនឹងណែនាំក្រុមហ៊ុន Google អំពីហានិភ័យនៃការរកស៊ីជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
ដោយព្រួយបារម្ភអំពីលទ្ធភាពដែលរដ្ឋាភិបាលចិន អាចលួចយកបច្ចេកវិទ្យាអាមេរិក តាមរយៈការធ្វើអាជីវកម្មរបស់ Google នៅក្នុងប្រទេសចិន ដើម្បីប្រើប្រាស់វាទៅអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួនឲ្យខ្លាំងក្លានោះ លោក Dunford បានបញ្ជាក់ថា រូបលោកនឹងលើកយកបញ្ហានេះទៅពិភាក្សា ក្នុងជំនួបមួយជាមួយបណ្តាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនាសប្តាហ៍ក្រោយ។
លោក Dunford បាននិយាយថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងអស់ត្រូវតែដឹងឲ្យច្បាស់ថា នៅពេលដែលពួកគេធ្វើការរកស៊ីជាមួយប្រទេសចិន គឺវាតែងតែមានឱកាសមួយថា ចំណេះធ្វើរបស់ពួកគេជាពិសេសនោះគឺកម្មវីធី AI (បញ្ញាសិប្បនិម្មិត) ព្រមទាំងបច្ចេកវិទ្យាទំនើបៗឯទៀតៗ អាចត្រូវលួចយកទៅប្រើប្រាស់ក្នុងវិស័យយោធារបស់ចិន។
គួរជម្រាបថា ក្នុងសវនាការដេញដោលមួយនៅព្រឹទ្ធសភាកាលពីសប្តាហ៍មុន មេទ័ពអាមេរិករូបនេះក៏បានទទូចផងដែរថា Google កំពុងតែផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់យោធាចិន តាមរយៈចំណងអាជីវកម្មជាមួយប្រទេសចិនហើយក្រុមហ៊ុន Google ក៏បានទទួលរងការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហោះសារកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ កំពុងតែជួយចិនធ្វើឲ្យយោធារបស់ពួកគេ កាន់តែរីកចម្រើនជឿនលឿនខ្លាំងឡើង៕