(ប៉េកាំង)៖ ខណៈដែលករណីផ្ទុះរោងចក្រគីមី មិនទាន់ត្រូវបានរកឃើញអ្នកស្លាប់អស់ផង ពេលនេះនៅខេត្តហ៊ូណាន (Hunan) ឯណេះវិញគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលមានការចូលរួមដោយរថយន្តក្រុងដឹកអ្នកដំណើរធុនធំមួយគ្រឿង បានបណ្តាលឲ្យមនុស្សសរុប ២៦នាក់ស្លាប់ និង ២៨នាក់ទៀតរងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រ ដោយក្រោយពីជួបគ្រោះថ្នាក់ភ្លាមៗរថយន្តក្រុងខាងលើនេះ បានឆាបឆេះឡើងតែម្តងនៅក្នុងទីក្រុង ឆាងដេ (Changde) នៃខេត្ត Hunan។ អាជ្ញាធរនៅតំបន់កើតហេតុបានអះអាងនៅព្រឹកថ្ងៃសៅរ៍នេះថា នៅពេលកើតហេតុនោះរថយន្តក្រុងខាងលើមានផ្ទុកអ្នកដំណើរ ៥៣នាក់ និងតៃកុងម្នាក់ព្រមទាំងជំនួយការម្នាក់។
គួរបញ្ជាក់ថា មូលហេតុដែលបានបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់នេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ។ នេះជាសោកនាដកម្មដែលបានកើតមានឡើងពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីការផ្ទុះរោងចក្រគីមីនៅតំបន់ជាំងស៊ូកាលពីថ្ងៃព្រហស្បតិ៍ ដែលបានផ្តាច់ជីវិតមនុស្សសរុបមកទល់ពេលនេះគឺជាង ៦០នាក់ និងអាចមានអ្នកស្លាប់បន្ថែមទៀត ដោយសារតែមនុស្សមួយចំនួនបន្តបាត់ខ្លួន និងជាង ៦០នាក់កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំង៕