(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា រូបលោកបានចេញបញ្ជាឲ្យលុបចោលកញ្ចប់ទណ្ឌកម្មថ្មី ដែលក្រសួងហិរញ្ញវត្ថុអាមេរិកទើបបានប្រកាសដាក់ពាក់ព័ន្ធជាមួយកូរ៉េខាងជើងវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ក្រសួងហិរញ្ញវត្ថុបានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មី ដែលនឹងត្រូវដាក់បន្ថែមទៅលើប្រទេសកូរ៉េខាងជើង ប៉ុន្តែថ្ងៃនេះខ្ញុំក៏បានចេញបញ្ជាឲ្យដកកញ្ចប់ទណ្ឌកម្មថ្មីនេះចេញវិញផងដែរ»។ លោក ត្រាំ ទំនងជាចង់សំដៅលើទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ទៅលើក្រុមហ៊ុនចិនចំនួនពីរ ដែលរងការចោទប្រកាន់ថា បានជួយកូរ៉េខាងជើងគេចវេសពីទណ្ឌកម្មអន្តរជាតិ ដែលមានគោលដៅដាក់សម្ពាធទីក្រុងព្យុងយ៉ាងឲ្យបោះបង់ចោល កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជុំវិញការបង្ហោះសាររបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បាននិយាយថា លោក ត្រាំ ចូលចិត្តលោក គីម ហើយលោកគិតថា ការដាក់ទណ្ឌកម្មបន្ថែមបែបនេះគឺជារឿងមិនចាំបាច់នោះឡើយ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ច្បាស់ថាលោក ដូណាល់ ត្រាំ ចង់និយាយពីកញ្ចប់ទណ្ឌកម្មណាឲ្យប្រាកដឡើយ ដែលប្រការនេះមិនបានបង្កឲ្យមានភាពប្រពេចស្រពិលបន្តិច។
គួរជម្រាបថា ការប្រកាសពីទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃព្រហស្បតិ៍ គឺជាសញ្ញាថ្មីលើកដំបូង គិតចាប់តាំងតែពីកិច្ចប្រជុំរវាងលោក ត្រាំ និង លោក គីម នៅហាណូយ បានបញ្ចប់ទៅដោយបាតដៃទទេកាលពីជិតមួយខែមុន។ នៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីនោះបានចោទក្រុមហ៊ុនចិនចំនួនពីរថា បានលួចដឹកនាំប្រេងជាង ៦០កប៉ាល់ឲ្យទៅកូរ៉េខាងជើង និងដោះដូរមកវិញនូវធ្យូងថ្មជាដើម៕