(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍ ផ្ទុះរោងចក្រផលិតសារធាតុគីមីមួយកន្លែង នៅខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បានកើនដល់យ៉ាងហោចណាស់ ៦២នាក់ហើយ និងជាច្រើននាក់ទៀតរងរបួសធ្ងន់។ នេះបើតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតមាន ២៦នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ ជាមួយគ្នានេះមនុស្សយ៉ាងហោច ៣៤នាក់កំពុងបន្តស្ថិតក្នុងស្ថានភាពរបួសមធ្យម ខណៈ៦០នាក់រងរបួសធ្ងន់តែម្តង។ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅរោងចក្រគីមី ធានជាជី (Tianjiaji) កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយមនុស្សយ៉ាងតិច ៦៤០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពេលកើតហេតុ។
គួរជម្រាបថា សម្រាប់មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើ ពុំទាន់ត្រូវបានអាជ្ញាធរចិនរកឃើញនៅឡើយទេ ខណៈវាមិនមែនជាលើកទីមួយឡើយ ដែលចិនបានជួបប្រទះការផ្ទុះរោងចក្រយ៉ាងកក្រើកបែបនេះ៕