(ប៉េកាំង)៖ ក្រសួងការពារជាតិចិននាថ្ងៃសុក្រ បានចោទសហរដ្ឋអាមេរិកថា កំពុងតែព្យាយាមដោយចេតនា បំប៉ោងថាមានការគំរាមកំហែងខ្លាំងពីសំណាក់ប្រទេសចិនរួមទាំងប្រជាជាតិដទៃទៀត ដើម្បីបានលេសបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួនឲ្យកាន់តែច្រើនសន្ធឹកសន្ធាប់ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបានបញ្ជាក់ជាថ្មីម្តងទៀត អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួនចំពោះការដើរលើគន្លងផ្លូវនៃសន្តិភាព ហើយបានលើកឡើងថា សហរដ្ឋអាមេរិកចូលចិត្តណាស់រឿងនិយាយបំប៉ោង អំពីការគំរាមកំហែងដែលខ្លួនអះអាងថាកាន់តែធំឡើងៗពីសំណាក់ប្រទេសចិន។
ក្នុងនោះក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងបានកត់សម្គាល់ឃើញថា នៅពេលណាដែលក្រសួងការពារជាតិអាមេរិកចង់បានការចំណាយកាន់តែច្រើន នៅពេលនោះហើយដែលស្ថាប័ននេះព្យាយាមទាញផលប្រយោជន៍ដាក់ខ្លួន តាមរយៈការនិយាយបំផ្លើសពីការគំរាមកំហែងដែលបង្កឡើងពីសំណាក់ប្រទេសដទៃៗទៀត ដែលទង្វើនេះគឺជាការគិតឃើញខ្លី និងគ្រោះថ្នាក់បំផុតមួយ»។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិចិនបានទទូចឲ្យសហរដ្ឋអាមេរិកលះបង់ចោលនូវការគិត ដូចកាលពីសម័យសង្រ្គាមត្រជាក់ ហើយងាកទៅបោះជំហានដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលប្រកបដោយស្ថិរភាពល្អប្រសើរនៃទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរវិញ។
គួរជម្រាបថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ភាគច្រើនបាននិយាយថា ពួកគេពិតជាចង់បានទំនាក់ទំនងយោធានិងយោធាដែលល្អសមរម្យមួយ ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាដោយតានតឹងជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ផងដែរថា សំណើកញ្ចប់ថវិកាវិស័យការពារជាតិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ឆ្នាំសារពើពន្ធ២០២០ (ពីដើមខែធ្នូ ឆ្នាំ២០១៩ ដល់ចុងខែកញ្ញា ឆ្នាំ២០២០) គឺមានទំហំដល់ទៅ៧៥០ពាន់លានដុល្លារ ខណៈចិនវិញគឺមានទំហំត្រឹម១៧៧ពាន់លានដុល្លារ៕