(បាងកក)៖ បើគិតខ្ទង់រយៈពេលពីរទសវត្សរ៍មកនេះ ប្រទេសថៃ​បានធ្លាប់ឆ្លងកាត់​រដ្ឋប្រហារពីរលើក បាតុកម្មរាប់មិនអស់ និងមានអស្ថេរភាព​ភាពនយោបាយជាច្រើន​លើកច្រើនសារផងដែរ។ ប៉ុន្តែសេដ្ឋកិច្ច​នៅតែខ្លាំង ខណៈប្រទេស​មានសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍នេះកំពុងត្រៀម រៀបចំសម្រាប់​ការបោះឆ្នោតសកល​នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ ជាលើកដំបូង​បំផុតចាប់តាំងពីរដ្ឋប្រហារ​ឆ្នាំ២០១៤មក។

ខាងក្រោមនេះ​គឺកាលបរិច្ឆេទ​នៃព្រឹត្តិការណ៍សំខាន់នៅ​ក្នុងប្រទេសថៃ៖

* ឆ្នាំ២០០១៖ គណបក្សថៃរក្សាជាតិ (Thai Rak Thai) របស់មហាសេដ្ឋី​ទូរគមនាគម៍ថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដី​ជាមួយការ​សន្យាថា នឹងធ្វើកំណែទម្រង់​គោលនយោបាយ​ដូចជាសុខាភិបាល ជួយដោះស្រាយ​បញ្ហាបំណុល​កសិករថៃ និងបង្កើនកញ្ចប់​ថវិកា​ជាតិលើការអភិវឌ្ឍ​ ជាពិសេសគឺតំបន់​ជនបទ​ក្រីក្រ។

* ឆ្នាំ២០០៣៖ លោក Thaksin បានដាក់ចេញនូវ​យុទ្ធនាការសង្រ្គាមប្រឆាំង​គ្រឿងញៀន ដែលក្រុមអ្នករិះគន់​អះអាងថា មនុស្ស​ច្រើនជាង ២,៥០០នាក់​បានស្លាប់។

*ឆ្នាំ២០០៥៖ គណបក្សលោក Thaksin បានទទួលជ័យជម្នះនៅក្នុងបោះឆ្នោតសាជាថ្មី ដោយបានបង្កើនចំនួនកៅអីនៅក្នុង សភាដល់៣៧៧នៃកៅអីសរុប៥០០។

* ឆ្នាំ២០០៦៖ ចលនាប្រឆាំង​លោក Thaksin ដែលគេស្គាល់​ថា សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ​កាន់តែមាន​ប្រជាប្រិយភាព និងដឹកនាំ​បាតុកម្មតវ៉ា​បន្ទាប់ពី​គ្រួសារ Shinawatra បានលក់ក្រុមហ៊ុន​ទូរគមនាគមន៍​របស់ខ្លួន Shin Corporation ឱ្យសិង្ហបុរី​ក្នុងតម្លៃ ១.៨ពាន់ លានដុល្លារ។ នៅក្នុងខែ​កញ្ញាឆ្នាំដដែល យោធាថៃ​បានធ្វើរដ្ឋប្រហារ​ទម្លាក់លោក Thaksin ខណៈលោក​កំពុងស្ថិតនៅ​បរទេស ដោយយោធាបានបញ្ជាក់​ថា ការធ្វើបែបនេះដើម្បីបិទបញ្ចប់​បាតុកម្ម​តវ៉ា។

* ២០០៧៖ គណបក្ស Thai Rak Thai ត្រូវបានគេ​បង្គាប់ឱ្យរំលាយ​ចោល។ ប៉ុន្តែគណបក្ស​គាំទ្រលោក Thaksin គឺ បក្សកម្លាំងប្រជាជន (People Power Party) បានទទួលជ័យជម្នះ​នៅក្នុងការបោះឆ្នោត​ ហើយបានស្ដារប្រជាធិបតេយ្យឡើងវិញ រីឯសម្ព័ន្ធមិត្ត​របស់លោក Thaksin គឺលោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) បានក្លាយជា​នាយករដ្ឋមន្ត្រី។

* ឆ្នាំ២០០៨៖ លោក Thaksin ត្រឡប់មកកាន់​ប្រទេសថៃវិញ​នៅក្នុងខែកុម្ភៈ។ ក្នុងខែកញ្ញាឆ្នាំ​ដដែល តុលាការមួយ​បានដក​លោក Samak ចេញពីតំណែង​ពីបទចោទថា បានទទួលបា្រក់​សម្រាប់កម្មវិធីចំអិនម្ហូប​មួយ ដែលលោកបាន​ចូលរួម ហើយសភា​បានបោះឆ្នោតជ្រើសរើស​លោក សុមឆៃ វង់សាវ៉ាត (Somchai Wongsawat) ដែលជាប្អូនថ្លៃ​របស់លោក Thaksin ជានាយក​រដ្ឋមន្ត្រី។

ដោយឡែក​នៅខែតុលា តុលាការបាន​រកឃើញថា លោក Thaksin មានទោស​រំលោភលើច្បាប់​ជម្លោះផលប្រយោជន៍​ ពាក់ព័ន្ធនឹងកិច្ច​ព្រមព្រៀងដីមួយកន្លែង ព្រមទាំងបានផ្ដន្ទាទោសលោក​ដាក់ពន្ធនាគារ ០២ឆ្នាំ។ តែលោក​បានចាកចេញពី​ប្រទេស មុននឹងតុលាការ​ចេញ​សាលក្រម។ ក្រោយមកទៀត លោក Somchai​ ត្រូវបានគេដក​ហូតតំណែង រីឯលោក អាភីស៊ីត វ៉េចចាជីវ៉ា (Abhisit Vejjajiva) មកពីគណបក្ស​ប្រជាធិបតេយ្យ​ត្រូវបានសភាបោះឆ្នោត​ជ្រើសរើស​ ឱ្យឡើងកាន់​តំណែងជា​នាយករដ្ឋមន្ត្រី។

* ឆ្នាំ២០០៩៖ ក្រុមបាតុករ​គាំទ្រលោក Thaksin ដឹកនាំដោយ​រណសិរ្សជាតិ​ដើម្បី​ប្រជាធិបតេយ្យ​​ប្រឆាំងអំណាចផ្ដាច់ការ ឬគេ ស្គាល់ថា «ក្រុមអាវក្រហម» បាននាំគ្នា​ធ្វើការតវ៉ាប្រឆាំង​នឹងរដ្ឋាភិបាល​លោក Abhisit ដោយចោទថា លោកឡើងកាន់អំណាច​ដោយគ្មាន​ការបោះឆ្នោត និង​ខុសច្បាប់។

* ២០១០៖ ក្រុមអាវក្រហមបានធ្វើបាតុកម្ម​តវ៉ាជាថ្មីក្នុងទីក្រុងបាង​កក អស់រយៈពេល​ជាច្រើនខែ រហូតដល់​មានការបង្រ្កាបពី​យោធា ដែលសម្លាប់មនុស្ស ៩០នាក់ ហើយនេះគឺ​ជាការប៉ះទង្គិចគ្នាដោយហិង្សា​រវាងអាជ្ញាធរ និងបាតុករបណ្ដាល​ឱ្យមនុស្ស​ស្លាប់​ច្រើនបំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២ មក។

* ឆ្នាំ២០១១៖ គណបក្សគាំទ្រ​លោក Thaksin គឺ​គណបក្សភឿថៃ (Pheu Thai) បានទទួលជ័យ​ជម្នះនៅក្នុងការបោះឆ្នោត ហើយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ប្អូនស្រីរបស់លោក Thaksin បានជាប់ឆ្នោតធ្វើជា​នាយករដ្ឋមន្ត្រី។

* ឆ្នាំ២០១៣៖ បាតុករប្រឆាំង​រដ្ឋាភិបាល​ដឹកនាំដោយ​មេដឹកនាំកំពូល នៃគណបក្សប្រជាធិបតេយ្យ​មួយរូបនាំគ្នាធ្វើបាតុកម្ម​តវ៉ាតាម ដងផ្លូវក្នុងទីក្រុង​បាងកក បន្ទាប់ពីរដ្ឋាភិបាល​លោកស្រី Yingluck ធ្វើសេចក្ដីព្រាងច្បាប់​លើកលែងទោសមួយ​ ដែលត្រូវបានគេ​មើល ឃើញថា មានគោលបំណង​បើកផ្លូវឱ្យបងប្រុស​របស់លោកស្រី អាចត្រឡប់​មកស្រុកថៃវិញ​បាន។

* ឆ្នាំ២០១៤៖ តុលាការបាន​ដកលោកស្រី Yingluck ពីតំណែងជា​នាយករដ្ឋមន្ត្រី​ដោយសារការរំលោភ​លើអំណាច ហើយរហូត​ដល់ថ្ងៃទី២២ ខែឧសភា ប្រមុខយោធា​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានធ្វើរដ្ឋប្រហារ​ទម្លាក់លោកស្រី​ពីអំណាចតែម្តង។ លោក Prayuth បានក្លាយ​ជានាយករដ្ឋមន្ត្រី​នៅខែសីហា និងបន្ទាប់​មកចូលនិវត្តន៍ពីតំណែងជាមេបញ្ជាការយោធា។

* ២០១៦៖ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ចូលទិវង្គតនៅថ្ងៃទី១៣ ខែតុលា ក្រោយពីបានគ្រងរាជសម្បត្តិយូរជាងគេលើលោក​អស់ ៧០ឆ្នាំ ហើយ​បុត្រារបស់ទ្រង់​ដែកបានក្លាយជា​ព្រះមហាក្សត្រគ្រងរាជ្យបន្ត គឺព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn)។

* ឆ្នាំ២០១៧៖ នៅខែមេសា រដ្ឋធម្មនុញ្ញមួយ​របស់របបយោធា​ថៃ ត្រូវបានផ្ដល់សច្ចាប័ន និងបន្ទាប់មកត្រូវ​បានអនុម័ត​ដោយការ​បោះឆ្នោត​ប្រជាមតិ ហើយទទួល​ការយល់ព្រមពី​ព្រះមហាក្សត្រ Vajiralongkorn ដើម្បីបើក​ផ្លូវឆ្ពោះទៅរកការ​បោះឆ្នោត។ តែ​នៅខែសីហា ឆ្នាំដដែល តុលាការកំពូល​ថៃ​បានកាត់ទោស​លោកស្រី Yingluck ដាក់ពន្ធនាគារ ០៥ឆ្នាំ ពីបទធ្វេស​ប្រហែសធ្វើឱ្យ បាត់បង់ថវិកាជាតិ​ដោយសារភាពបរាជ័យ លើគោលនយោបាយ​ទិញស្រូវពីកសិករ​របស់លោកស្រី។ លោកស្រីមិន​បានបង្ហាញខ្លួន​នៅក្នុង តុលាការឡើយ​ហើយបានចាកចេញ​ពីប្រទេស មុន​ថ្ងៃប្រកាស​សាលក្រម។

* ឆ្នាំ២០១៨៖ របបដឹកនាំយោធាថៃ​បានលុបចោលនូវបម្រាម​ធ្វើនយោបាយ​ដែលខ្លួនបាន​ដាក់អនុវត្តន៍ ក្រោយឡើងកាន់​អំណាច។

* ឆ្នាំ២០១៩៖ នៅក្នុងខែកុម្ភៈ បក្សថៃរក្សាជាតិ​ដែល​ត្រូវបានគេអះអាងថា មានលោក ថាក់ស៊ីន ជាអ្នកគាំទ្រពីក្រោយ បានសម្រេចតែងតាំងព្រះរាមស្តេចថៃមួយអង្គ គឺព្រះនាង​ម្ចាស់ អ៊ុបុលរតនា ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ដែលប្រការនេះ​បាននាំ​ឲ្យ​ព្រះមហា​ក្សត្រ​មិនពេញព្រះទ័យ និងបក្ស​គាំទ្រ​របបយោធា​ប្រកាសថ្កោលទោស ហើយ​នៅទីបំផុត​តុលាការកំពូលថៃ​បានសម្រេចរំលាយបក្សថៃរក្សាជាតិចោលតែម្តង។

* ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ ការបោះឆ្នោត​សកល​នឹង​ត្រូវប្រព្រឹត្ត​ទៅនៅ​ក្នុងប្រទេសថៃ ជា​លើកដំបូង​ចាប់តាំងពីរដ្ឋប្រហារ​ឆ្នាំ២០១៤៕

ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩)