(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្កាន់ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាការទទួលស្គាល់តំបន់ ហ្គោឡេន ហេចស៍ (Golan Heights) ជារបស់អ៊ីស្រាអែលផ្ដាច់មុខ នឹងនាំតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
ពីដំបូងឡើយ Golan Height គឺជាផ្នែកមួយនៃប្រទេសស៊ីរី ប៉ុន្តែក្រោយមកវាក៏ត្រូវបានអ៊ីស្រាអែលចូលកាន់កាប់ កាលពីអំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយបច្ចុប្បន្នដែនដីមួយចំណែកធំនៃតំបន់នេះ កំពុងស្ថិតក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ប៉ុន្តែពុំទាន់មានការទទួលស្គាល់ពីអន្តរជាតិនៅឡើយទេ។ ដោយឡែកប្រតិកម្មរបស់លោក អឺដូហ្កាន់ កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ ប្រកាសថា ដល់ពេលសហរដ្ឋអាមេរិកត្រូវទទួលស្គាល់តំបន់ Golan Height ជារបស់អ៊ីស្រាអែលហើយ។
ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់នៅក្នុង សន្និសីទអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមនៅថ្ងៃសុក្រនេះយ៉ាងខ្លីដូច្នេះថា «យើងមិនអនុញ្ញាតឱ្យមានការផ្ដល់ភាពស្របច្បាប់ណាមួយ នៃការធ្វើអាណានិគមលើតំបន់ Golan Height ជាដាច់ខាត»។ ចំណែកឯ ក្រសួងការបរទេសស៊ីរីក៏បានថ្កោលទោស ការអត្ថាធិប្បាយរបស់លោក ត្រាំ ផងដែរថាជាគ្មានការទទួលខុសត្រូវ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានលើកឡើងថា អស់រយៈពេល ៥២ឆ្នាំ បច្ចុប្បន្ននេះគឺជាពេលដែលសហរដ្ឋអាមេរិកត្រូវទទួលស្គាល់ថា Golan Height ជារបស់អ៊ីស្រាអែល បន្ទាប់ពីបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជាកម្មសិទ្ធិរដ្ឋជ្វីបមួយនេះ ដោយមិនខ្វល់ការរិះគន់ពីអន្តរជាតិ៕