(វៀងចន្ទ)៖ រដ្ឋាភិបាលឡាវ​បានដាក់ចេញ​នូវវិធានការជាច្រើន​ដើម្បី​ទប់ស្កាត់ និងបង្ការជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ASF ដែលកំពុងរីករាលដាល់កាន់តែ​ខ្លាំងនៅក្នុងប្រទេស​វៀតណាម ខណៈមានការ​ព្រួយបារម្ភថា ជំងឺនេះអាច​នឹងរីកសាយមក​ដល់តំបន់មួយចំនួន នៃព្រំដែន​ឡាវ។ នេះបើ​តាម Vientiane Times ដកស្រង់​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

សារព័ត៌មាន Vientiane Times បានឱ្យដឹង​ទៀតថា វិធានការខាងលើ​ដែលចេញដោយ​ក្រសួង​កសិកម្ម និងរក្ខាប្រមាញ់ឡាវ ក្នុងនោះរួមមានការហាមឃាត់ការនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូក។ ASF គឺជាជំងឺឆ្លងធ្ងន់ធ្ងរ​មួយ​ដែល​ប៉ះពាល់លើ​ជ្រូក ស្រុកក៏ដូចជាជ្រូកព្រៃ ដែលអាចរីករាលដាល​តាមរយៈ​សត្វជ្រូក​ងាប់ ឬរស់ ព្រមទាំង​ផលិតផល​សាច់ជ្រូក។ ប៉ុន្តែតាមការគូសបញ្ជាក់​របស់អង្គការសុខភាពសត្វពិភពលោក OIE ជំងឺនេះមិនបង្កគ្រោះថ្នាក់​ដល់មនុស្សឡើយ គឺវាកើតតែចំពោះតែ​សត្វជ្រូកប៉ុណ្ណោះ។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុនករណីជំងឺប៉េស្តជ្រូក​អាហ្វ្រិកចំនួន ០៤ករណី​ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត ដៀនបៀន (Dien Bien) របស់វៀតណាម​ដែលមានព្រំទល់ជាប់​នឹង​ប្រទេសឡាវ។ ម្យ៉ាងវិញ​ទៀត បើទោះជា​មានបម្រាម​លើការនំាចូល​សាច់ជ្រូក ឬផលិតផល​សាច់ជ្រូកនៅតាម​តំបន់ព្រំដែនក៏ដោយ ក៏ការជួញដូរនេះ​នៅតែបន្ត​កើតមាន​ដដែល៕