(ហាណូយ)៖ នាយកដ្ឋានសុខភាពសត្វនៃប្រទេសវៀតណាម បានឲ្យដឹងនាថ្ងៃសុក្រនេះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF បានរីករាលដាលក្នុងទីក្រុងក៏ដូចជាខេត្តសរុបចំនួន ១៩ហើយនៅវៀតណាម ខណៈសត្វជ្រូកជិត ៣៤,៨០០ក្បាលត្រូវបានសម្លាប់ចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
យោងតាមវែបសាយរបស់នាយកដ្ឋានខាងលើ ការផ្ទុះឡើងនៃជំងឺ ASF ត្រូវបានរកឃើញនៅភូមិ/ឃុំចំនួន ២៩៤ ក្នុងស្រុក/សង្កាត់ចំនួន ៦២ នៃទីក្រុងនិងខេត្តចំនួន ១៩ ដែលស្ថិតនៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ដោយក្នុងនោះរួមមានទាំងរដ្ឋធានីហាណូយផងដែរ។
ទន្ទឹមនឹងនេះ វៀតណាមបានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីទទួលបន្ទុកទប់ស្កាត់ និងព្យាយាមប្រយុទ្ធប្រឆាំងជំងឺ ASF នេះ ក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ យោងតាមអង្គការសុខភាពសត្វពិភពលោក OIE ជំងឺ ASF បានវាយលុកលើប្រទេស និងតំបន់ជាង ២០ លើពិភពលោក ខណៈពុំទាន់មានថ្នាំបង្ការប្រឆាំងនឹងជំងឺប្រភេទនេះនៅឡើយទេ។
គួរជម្រាបថា ASF គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយដែលប៉ះពាល់លើជ្រូកស្រុកក៏ដូចជាជ្រូកព្រៃ ដែលអាចរីករាលដាលតាមរយៈសត្វជ្រូកងាប់ ឬរស់ ព្រមទាំងផលិតផលសាច់ជ្រូក។ បើតាមការគូសបញ្ជាក់របស់អង្គការ OIE ជំងឺនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ គឺវាកើតឡើងចំពោះតែសត្វជ្រូកប៉ុណ្ណោះ៕