(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ហ្គារូដា (Garuda Indonesia) បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដើម្បីស្នើលុបចោលការបញ្ជទិញវិញនៃយន្តហោះស៊េរី 737 MAX 8 ចំនួន ៤៩គ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យ Garuda គឺលោក អ៊ីកសាន រ៉ូសាន (Ikhsan Rosan) បាននិយាយថា «អ្នកដំណើររបស់អាកាសចរណ៍បានបាត់បង់ភាពជឿជាក់ និងលែងមានទំនុកចិត្តលើយន្តហោះនេះទៀតឡើយ» ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Garuda កំពុងរង់ចាំការឆ្លើយតបពី Boeing។ បើតាមនាយកផ្នែកហិរញ្ញវត្ថុរបស់ Garuda អាកាសចរណ៍ជាតិឥណ្ឌូណេស៊ីនេះ អាចនឹងផ្តូរទៅប្រើប្រាស់ Boeing ស៊េរីផ្សេងវិញ។
ក្នុងខែនេះអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ក៏បានប្រកាសឲ្យដឹងពីការផ្អាកការទទួលយកយន្តហោះ Boeing 737 MAX 8 ថ្មីចំនួន ០៤គ្រឿងផងដែរ ក្រោយករណីធ្លាក់យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines ដែលបានធ្លាក់ក្រោយហោះបានប៉ុន្មាននាទី និងផ្តាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់។
ករណីខាងលើបានធ្វើឲ្យរង្គោះរង្គើ វិស័យឧស្សាហកម្មផ្នែកអាកាសចរណ៍នៅទូទាំងសកលលោក ដែលបានប្រើប្រាស់យន្តហោះ Boeing 737 MAX 8 ដោយត្រូវបានបញ្ឈរជើងចោលជាបណ្តោះអាសន្នតែម្តង សម្រាប់ប្រភេទយន្តហោះនេះ។ ហេតុការណ៍ធ្លាក់យន្តហោះនេះទៀតសោតបានកើតឡើង ក្នុងគម្លាតពេលមិនដល់កន្លះឆ្នាំនោះឡើយ ក្រោយការធ្លាក់យន្តហោះម៉ូដែលដូចគ្នារបស់អាកាសចរណ៍ Lion Air នៅសមុទ្រជ្វារបស់ឥណ្ឌូណេស៊ី ដែលបណ្តាលឲ្យស្លាប់មនុស្សទាំងអស់ ១៨៩នាក់៕