(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មជាថ្មីលើក្រុមហ៊ុនដឹកជញ្ជូនចិនចំនួន ០២ ដែលមានជាប់ពាក់ព័ន្ធនឹងការជួយកូរ៉េខាងជើងឱ្យគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិ ជាការឆ្លើយតបកម្មវិធីនុយក្លេអ៊ែរនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
យោងតាមក្រសួងរតនាគារជាតិអាមេរិក ទណ្ឌកម្មថ្មីខាងលើត្រូវអនុវត្តលើក្រុមហ៊ុនចិនចំនួន ០២ គឺ Dalian Haibo International Freight Co Ltd និងក្រុមហ៊ុន Liaoning Danxing International Forwarding Co Ltd។ ម្យ៉ាងវិញទៀតផ្អែកលើទណ្ឌកម្មនេះ ពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកនានា មិនតម្រូវឲ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនទាំង ០២នេះបានទេ ខណៈទ្រព្យ សម្បត្តិរបស់ពួកគេមាននៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក។ ក្រសួងមួយនេះបានបន្ថែមទៀតថា នាវាយ៉ាងហោចណាស់ ៦៧គ្រឿងបានលួចលាក់ដឹកប្រេង និងធ្យូងថ្មដោយខុសច្បាប់ឲ្យកូរ៉េខាងជើង។
គួរបញ្ជាក់ថា នេះគឺជាការដាក់ទណ្ឌកម្មជាលើកដំបូងបំផុត ពាក់ព័ន្ធនឹងកូរ៉េខាងជើង ចាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅបានបរាជ័យ។ ប៉ុន្តែការដាក់ទណ្ឌកម្ម កើតមានឡើងជិតមួយសប្ដាហ៍ បន្ទាប់ពី មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងព្រមានថា ទីក្រុងព្យុងយ៉ាងនឹងពិចារណាធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញ បើសហរដ្ឋអាមេរិកមិនព្រមផ្ដល់សម្បទានណាមួយទេនោះ៕