(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺពុំមែនចេះតែនិយាយៗចោលនោះឡើយ ចំពោះការដែលរូបលោកធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថា រាល់ជម្រើសទាំងអស់សម្រាប់ដោះស្រាយវិបត្តិនយោបាយនៅវេណេស៊ុយអេឡា គឺស្ថិតនៅលើតុរួចជាស្រេច ដើម្បីពិចារណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
គិតចាប់តែពីចុងខែមករាកន្លងទៅនេះ វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមួយបានផ្ទុះឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា នៅពេលដែលមេបក្សប្រឆាំងនៃប្រជាជាតិអាមេរិកឡាទីននេះ គឺលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ហើយមានការទទួលស្គាល់ពីប្រទេសប្រមាណ ៥០ រួមមានទាំងទីក្រុងវ៉ាស៊ីនតោន ខណៈរហូតមកទល់ពេលនេះ សំណួរថាតើស្ថានការណ៍នៅវេណេស៊ុយអេឡា នឹងត្រូវដោះស្រាយដោយរបៀបណានោះ នៅតែមិនទាន់មានចម្លើយដដែល។
នៅក្នុងបទសម្ភាសន៍មួយ លោក Bolton ក៏បានអះអាងផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានក្តីព្រួយបារម្ភខ្លាំងអំពីពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលអាចមានចំនួនពី ៤០នាក់ ទៅដល់ ៥០,០០០នាក់ ហើយវាជាភារកិច្ចរបស់រដ្ឋាភិបាលអាមេរិក ដើម្បីការពារពួកគេពីអំពើហិង្សា និងការគំរាមកំហែងនានា។
នាពេលកន្លងទៅនេះលោក Bolton ធ្លាប់បានបញ្ជាក់ថា អាមេរិកមិនទាន់បានបញ្ចេញកញ្ចប់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅឡើយទេ ខណៈកន្លងមកនេះក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មប៉ុន្មានលើករួចស្រេចទៅហើយ លើបណ្តាក្រុមហ៊ុនរដ្ឋវេណេស៊ុយអេឡាចាប់តាំងពីខែមករាមក។
គួរជម្រាបថា ការគូសបញ្ជាក់ខាងលើរបស់ទីប្រឹក្សាសន្តិសុខជាតិអំពីសម្តីរបស់លោក ដូណាល់ ត្រាំ បានបង្កក្តីកង្វល់សាជាថ្មីថា នៅទីបំផុតសហរដ្ឋអាមេរិកប្រហែលជានឹងជ្រើសរើសយកជម្រើសអន្តរាគមន៍យោធា ដើម្បីដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា៕