News Update: ផ្ទុះរោងចក្រគីមីនៅប្រទេសចិន៖ ស្លាប់កើនដល់៤៧នាក់ និងរបួស៦៤០នាក់ (Photo inside)
22-03-2019 10:56
(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមី មួយកន្លែងស្ថិតនៅភាគខាងកើតនៃប្រទេស បានកើនដល់ ៤៧នាក់ហើយ និង ៦៤០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោង ១៤៖៥០នាទីរសៀលថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រគីមីមួយកន្លែង ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ធានជាយី (Tianjiayi Chemical) ស្ថិតក្នុងទីក្រុង យ៉ានឆេង (Yancheng) នៃខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើតនៃប្រទេសចិន។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបានបង្កការផ្ទុះនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ ចំណែកឯងអ្នករបួស ៦៤០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន ១៦ នៅក្នុងតំបន់កើតហេតុនោះហើយ៕