(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនា ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិកគួរតែចេញមុខទទួលស្គាល់ តំបន់ ហ្គោលឡេន ហេចស៍ (Golan Heights) ជារបស់ប្រទេសអ៊ីស្រាអែល ដោយពេញសិទ្ធិដែលទង្វើនេះ ត្រូវគេមើលឃើញថាអាចជាកាដូធំ មួយនៅមុនការបោះឆ្នោត សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺនាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «៥២ឆ្នាំបានកន្លងផុតទៅ វាដល់ពេលហើយ សម្រាប់ឲ្យ សហរដ្ឋអាមេរិក ចេញមុខទទួលស្គាល់ដោយពេញលេញ ចំពោះអធិបតេយ្យភាព នៃប្រទេសអ៊ីស្រាអែល ទៅលើតំបន់ Golan Heights។ លោកប្រធានាធិបតី អាមេរិក បានសង្កត់ធ្ងន់ទៀតថា Golan Height មានសារៈសំខាន់ជាខ្លាំងខាង ផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខ សម្រាប់ប្រទេសអ៊ីស្រាអែល ក៏ដូចជាសម្រាប់ស្ថិរភាពនៅក្នុងតំបន់ទាំងមូល»។
គួរជម្រាបថា ពីដំបូងឡើយ Golan Height គឺជាផ្នែកមួយនៃ ប្រទេសស៊ីរី ប៉ុន្តែក្រោយមកក៏ត្រូវបានអ៊ីស្រាអែល ចូលកាន់កាប់អំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយបច្ចុប្បន្ន ដែនដីមួយចំណែកធំនៃ តំបន់នេះកំពុងស្ថិតក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ប៉ុន្តែពុំទាន់មានការទទួលស្គាល់ពីអន្តរជាតិនៅឡើយទេ។ ការទទួលស្គាល់តំបន់នេះជារបស់អ៊ីស្រាអែលស្របច្បាប់ ដោយសហរដ្ឋអាមេរិកតែឯង នោះពិតណាស់ថានឹងបង្កការផ្ទុះកំហឹង និងថ្កោលទោសពីសំណាក់ប្រទេសដែលពាក់ព័ន្ធជាក់ជាមិនខាន៕