(បាកដាដ)៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន៤៥នាក់បានបាត់បង់ជីវិត នៅពេលសាឡង់ដឹកអ្នកដំណើរលើសទម្ងន់មួយគ្រឿងបានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលភាគខាងជើងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
បើតាមប្រធានអាជ្ញាធរការពារជនស៊ីវិលនៃទីក្រុងម៉ូស៊ូល លោក Husam Khalil សាឡង់ខាងលើអាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តីនិងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទីដែលសាឡង់បានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿនថែមទៀតផង។
គួរជម្រាបថា ក្រុមជួយសង្រ្គោះកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបន្តស្រង់ជនរងគ្រោះចេញពីទឹកទន្លេ ខណៈមនុស្សប្រហែល៣០នាក់ត្រូវបាននាំយកចេញពីក្នុងផ្ទៃទឹកដោយសុវត្ថិភាព៕