(បាងកក)៖ ប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរឹបអូសគ្រឿងញៀនដែលមានតម្លៃប្រហែល ២៥លានដុល្លារ នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចំនួន ០៣ករណីធំៗនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
យោងតាមប៉ូលិសថៃ គ្រឿងញៀនចំរុះដែលត្រូវបានរឹបអូសពីក្រុមរត់ពន្ធខុសច្បាប់នោះមានដូចជា មេតំហ្វេតាមី (methamphetamine) ចំនួន ៨លានគ្រាប់, មេតំហ្វេតាមី-គ្រីស្តាល់ (crystal methamphetamine) ទម្ងន់ ២,០៧០ក្រាម និងកូកាអ៊ីន ១,៥៤៦ក្រាម។ ចំណែកឯ ជនសង្ស័យ ០៤នាក់ត្រូវបានចាប់ខ្លួន និងម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅអំឡុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន។
គួរបញ្ជាក់ថា ខាងលើនេះគឺជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំរបស់ប្រទេសថៃ ដែលភាគច្រើនគឺជាការព្យាយាមរត់ពន្ធឆ្លងកាត់ប្រទេស តាមរយៈប្រទេសជិតខាង ជាពិសេសតំបន់ភាគខាងជើងប្រទេសអាស៊ានមួយនេះ។ ការបង្ក្រាបទាំងបីករណីខាងលើនេះត្រូវបានធ្វើឡើងនៅខេត្តឈាងរ៉ៃមួយករណី (Chiang Rai) និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ស្ថិតនៅជាយទីក្រុងបាងកកពីរករណី៕