(កាលីហ្វ័រញ៉ា)៖ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក នឹងដាក់ពង្រាយកងកម្លាំងឆ្មាំជាតិជាលើកដំបូងដើម្បីទប់ស្កាត់ ភ្លើងឆេះព្រៃនា រដូវក្ដៅនេះដែលនឹងមកដល់នៅចុងខែមេសាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយឆ្មាំជាតិរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃពុធសប្ដាហ៍នេះ លោកវរសេនីយ៍ឯក Jonathan M. Shiroma បានលើកឡើងដូច្នេះថា៖ «កងឆ្មាំជាតិជិត១០០នាក់ នឹងត្រូវបានដាក់ពង្រាយចាប់ពីព្រំដែនភាគខាងត្បូង ដើម្បី ត្រៀមខ្លួនទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវក្ដៅខាងមុខ...»។
គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ាតែងតែជួបប្រទះភ្លើងឆេះព្រៃជាប្រចាំក្នុងរដូវក្ដៅម្ដងៗ ដោយភ្លើងឆេះបានសម្លាប់មនុស្ស១០០នាក់ និងបំផ្លិចបំផ្លាញលើផ្ទៃដី៨៩៩,៦៧៦គីឡូម៉ែត្រក្រឡាកាលពីឆ្នាំ២០១៧ ព្រមទាំងធ្វើឱ្យខាតប្រាក់ជាង ៣.៥ពាន់លានដុល្លារ ផងដែរ៕