(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា អាចម៍ផ្កាយ Bennu គឺជាប្រភេទ Active Asteriod ដែលមានចំនួនពុំសូវជាច្រើនប៉ុន្មាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
បើតាមអង្គការ NASA លទ្ធផលអង្កេតថ្មីរបស់យានអវកាស OSIRIS-REx ដែលកំពុងសិក្សានៅក្បែរ Bennu បានបង្ហាញថា អាចម៍ផ្កាយដែលមានមុខកាត់ប្រមាណ ៥០០ម៉ែត្រនេះ បានបញ្ចេញធូលី និងកម្ទេចកម្ទីរថ្មតូចៗទៅក្នុងលំហអវកាសជាច្រើនលើក ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ។ ដូច្នេះយោងតាមអ្នកវិទ្យាសាស្រ្ត វាគឺជាប្រភេទអាចម៍ផ្កាយមួយចំនួនតូចហៅថា Active Asteriod ឬ អាចម៍ផ្កាយសកម្ម។។
ដោយសារតែអាចម៍ផ្កាយ Bennu មានទំហំធំគួរសម និងមានគន្លងគោចរប្រកៀកប្រកិតនឹងផែនដីទៀតនោះ ទើបធ្វើឲ្យវាស្ថិតនៅជាគោលដៅនៃការសិក្សាស្រាវជ្រាវ ព្រមទាំងប្រយ័ត្នប្រយែងបំផុតពីក្រុមអ្នកវិទ្យាសាស្ត្រ។
គួរជម្រាបថា យាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារ ត្រូវបានបញ្ជូនឡើងអវកាសកាលពីខែកញ្ញា ឆ្នាំ២០១៦ និងបានធ្វើដំណើរទៅដល់គន្លងក្បែរអាចម៍ផ្កាយ Bennu នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូនទាំងស្រុង នោះនៅពាក់កណ្តាលឆ្នាំ២០២០ យានអវកាសនេះនឹងចុះទៅប្រមូលយកគំរូតាងពី Bennu ដែលនឹងត្រូវនាំយកចុះមកដល់ផែនដីនៅខែកញ្ញា ឆ្នាំ២០២៣៕