(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI ត្រូវគេរាយការណ៍ថា បានចូលរួមក្នុងការស៊ើបអង្កេតពាក់ព័ន្ធដំណើរការ ផ្តល់សិទ្ធិអនុញ្ញាតឲ្យយន្តហោះ 737 MAX 8 របស់ Boeing ហោះហើរ ក្រោយការធ្លាក់ពីករណីដ៏អាក្រក់ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ ដែលបានផ្តាច់ជីវិតមនុស្សសរុប ៣៤៦នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក The Seattle Times ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
សេចក្តីរាយការណ៍នេះបានកើតមានឡើង បន្ទាប់ពីក្រសួងដឹកជញ្ជូនអាមេរិកបានរៀបចំបើកការស៊ើបអង្កេត ទៅលើរបៀបដែលអាជ្ញាធរអាកាសចរណ៍អាមេរិក FAA និងក្រុមហ៊ុន Boeing ផ្តល់សិទ្ធិអនុញ្ញាតហោះហើរសម្រាប់យន្តហោះ 737 MAX 8។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន Seattle Times ក៏បានចុះផ្សាយអត្ថបទមួយផងដែរដែលអះអាងថា កំហុសឆ្គងក្នុងប្រព័ន្ធគ្រប់គ្រងការហោះហើររបស់ 737 MAX 8 ដែលត្រូវគេជឿថា មានទាក់ទងនឹងករណីធ្លាក់យន្តហោះនេះទាំងពីរលើកនោះ គឺបណ្តាលមកឲ្យការដែលថ្នាក់ដឹកនាំ FAA បានជំរុញក្រុមវិស្វករផ្នែកសុវត្ថិភាពផ្ទេរកិច្ចការវាយតម្លៃសុវត្ថិភាពឲ្យទៅ Boeing ផ្ទាល់ ហើយផ្តល់ការយល់ព្រមលើលទ្ធផលវិភាគឲ្យបានលឿន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់នៅអេត្យូពី និងផ្ដាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ហើយវាគឺគ្រោះមហន្តរាយលើកទី ២ ដែលមានជាប់ពាក់ព័ន្ធនឹងយន្ដហោះប្រភេទនេះ បន្ទាប់ពីការធ្លាក់នៅឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្ស ១៨៩នាក់។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍ជាច្រើនមកនេះ ការធ្លាក់យន្ដហោះទាំងពីរនេះមានមូលហេតុស្រដៀងគ្នា ប៉ុន្តែគេត្រូវរង់ចាំលទ្ធផលផ្លូវការ ចេញពីក្រុមស៊ើបអង្កេតប្រអប់ខ្មៅទាំងពីររបស់អេត្យូពី ពីក្រុមអ្នកជំនាញនៅបារាំងជាមុនសិន៕