BREAKING NEWS: គ្រោះរញ្ជួយដីកម្រិតស្រាល កើតឡើងនៅក្បែរកន្លែងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង
21-03-2019 10:41
(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ការរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើង នៅក្បែរតំបន់ធ្វើតេស្ដនុយក្លេអ៊ែរ ភុងគ្យេរី (Punggyeri) ស្ថិតនៅភាគឦសានប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង ការរញ្ជួយដីខាងលើមានកម្រិត ២.៨រ៉ិចទ័រ និងបានកើតឡើងនៅចំងាយ ៤៥គីឡូម៉ែត្រពីភាគពាយព្យទីក្រុង គីលជូ (Kilju) នៃខេត្ត ហាំជីយ៉ុង (Hamgyong) ខាងជើងនៅម៉ោង ៤៖៤១នាទីព្រឹកនេះ។ ចំណែកឯ ចំណុចរញ្ជួយរបស់វា គឺស្ថិតនៅចំងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ធ្វើតេស្ដនុយក្លេអ៊ែរជាលើកទី៦ Punggyeri របស់កូរ៉េខាងជើង ព្រមទាំងមាន ជម្រៅរញ្ជួយនៅក្នុងដី ១០គីឡូម៉ែត្រ។
ប៉ុន្តែយ៉ាងណាទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានអះអាងថា ការរញ្ជួយដីនេះអាចបណ្ដាលមកពីកត្តាធម្មជាតិ ពោលគឺដោយសារតែសណ្ឋានដីនៃតំបន់នេះបានរងការខូចខាតដោយការធ្វើតេស្ដនុយក្លេអ៊ែរញឹកញាប់ពេកពីកូរ៉េខាងជើង៕