(នូវែលសេឡង់)៖ ប្រទេសនូវែលសេឡង់នឹងហាមឃាត់រាល់ការប្រើប្រាស់ ឬកាន់កាប់ប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ ដែលជនសង្ស័យភេរវករបានយកទៅប្រើក្នុងការធ្វើសកម្មភាពភេរវកម្មបាញ់សម្លាប់មនុស្ស ៥០នាក់ នៅឯទីក្រុងក្រៃស៍ឆឺច (Christchurch) កាលពីសប្ដាហ៍មុន។ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះគឺ ០៦ថ្ងៃហើយបន្ទាប់ពីការវាយប្រហារ យើងសូមប្រកាសហាមឃាត់រាល់ប្រភេទ កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ (MSSA) ឬមានលក្ខណៈយោធានៅក្នុងប្រទេសនូវែលសេឡង់... រីឯកាំភ្លើងដែលត្រូវបានកែច្នៃទៅជាប្រភេទកាំភ្លើង MSSA ក៏នឹងត្រូវបានហាមឃាត់ផងដែរ។ លោកស្រីបន្ថែមទៀតថា ច្បាប់ថ្មីនេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ។
គួរបញ្ជាក់ថា ក្រោយជនសង្ស័យភេរវករឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីបានបាញ់សម្លាប់មនុស្ស ៥០នាក់ នៅក្នុងវិហារអ៊ីស្លាមពីរកន្លែងក្នុងទីក្រុង Christchurch កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកស្រី Ardern បានសន្យាថា រដ្ឋាភិបាលរបស់លោកស្រីនឹងផ្លាស់ប្ដូរច្បាប់ប្រើប្រាស់ និងកាន់កាប់កាំភ្លើងឡើងវិញ ខណៈជនឈ្មោះ Tarrant ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕