(រ៉ូម)៖ ប៉ូលិសអ៊ីតាលីនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រទេសអ៊ីតាលី) បានជួយសង្រ្គោះក្មេងចំនួន៥១នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយតៃកុងឡានដឹកសិស្សសាលារបស់ពួកគេ ដែលបានចាក់សាំងដុតរថយន្តនោះដើម្បីសម្តែងការប្រឆាំងជំទាស់នឹងការបាត់បង់ជីវិតនៃជនអន្តោប្រវេសន៍នៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើដែលមានរយៈពេលប្រមាណជា៣០នាទីនិងកើតឡើងក្នុងទីក្រុង Milan បានបញ្ចប់ទៅនៅពេលដែលកម្លាំងប៉ូលិសអ៊ីតាលីបានបិទផ្លូវឃាត់រថយន្ត ហើយជួយសង្រ្គោះក្មេងៗសិស្សសាលាទាំងអស់ដោយសុវត្ថិភាពមុនពេលវាឆាបឆេះឡើង ពោលគឺមិនមានអ្នកទទួលរងរបួសធ្ងន់ធ្ងរអ្វីឡើយ បន្ទាប់ពីក្មេងម្នាក់ក្នុងចំណោះនោះ មានឱកាសហៅទូរស័ព្ទទៅកាន់ឪពុកម្តាយឲ្យជួយ នៅពេលរថយន្តនោះបានទៅបុកជាមួយរថយន្តមួយគ្រឿង។
គួរជម្រាបថា ក្មេងៗទាំង៥១នាក់ដែលជាសិស្សសាលាអនុវិទ្យាល័យ បានវិលត្រឡប់មកពីការប្រកួតកីឡាមួយ ហើយក៏មានមនុស្សវ័យជំទង់៣នាក់អមដំណើរផងដែរ នៅពេលដែលអ្នកបើករថយន្តសាលារបស់ពួកគេស្រាប់បានតែផ្តូរផ្លូវ ហើយស្រែកប្រកាសប្រាប់ថា ពួកគេទាំងអស់គ្នានឹងត្រូវចាប់ជាចំណាប់ខ្មាំង ហើយគ្មាននរណាម្នាក់នឹងរួចរស់ជីវិតឡើយ។
បើតាមក្មេងៗសិស្សសាលា តៃកុងឡានរូបនោះបាននិយាយបូរបាច់ជាច្រើនថា មានមនុស្សជាច្រើននាក់មកពីអាហ្រ្វិកបានបាត់បង់ជីវិតជាបន្តបន្ទាប់នៅលើសមុទ្រមេឌីទែរ៉ាណេ ហើយវាគឺជាកំហុសរបស់ឧបនាយករដ្ឋអ៊ីតាលី លោក Di Maio និង Salvini ដែលមានជំហរតឹងរ៉ឹងខ្លាំងប្រឆាំងនឹងជនអន្តោប្រវេសន៍ ដោយក្នុងនោះរួមមានទាំងការព្យាយាមបិទកំពង់ផែអ៊ីតាលីមិនឲ្យទទួលកប៉ាល់ដែលជួយសង្រ្គោះជនអន្តោប្រវេសន៍ជាដើម។
តៃកុងរថយន្តដឹកសិស្សសាលាខាងលើ ដែលត្រូវប៉ូលិសចាប់ខ្លួន ត្រូវគេរាយការណ៍ថា មានអាយុ៤៧ឆ្នាំ និងមានដើមកំណើតមកពីប្រទេសសេណេហ្គាល់ ហើយលោកបានធ្វើជាតៃកុងបើករថយន្តដឹកសិស្សនេះ តាំងតែពីឆ្នាំ២០០២មកម្ល៉េះ។ លោកបានលែងលះគ្នាជាមួយភរិយាដែលជាជនជាតិអ៊ីតាលី និងមានកូន២នាក់៕