(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ចំនួន៦គ្រឿងទៅកាន់តំបន់អឺរ៉ុប ដើម្បីដឹកនាំការធ្វើសមយុទ្ធហោះហើរជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ និងដៃគូរបស់អង្គការណាតូ ខណៈកំពុងមានភាពតានតឹង ជាមួយរុស្ស៊ីជុំវិញការដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
ការបញ្ជូនយន្ដហោះចម្បាំង នេះត្រូវបានគេមើលឃើញថាគឺជាសារកំញើញសាច់ដុំផ្ញើជូនរុស្ស៊ី នាឱកាសខួបប្រាំឆ្នាំនៃការក្រោប សោបយកតំបន់គ្រីមៀរបស់អ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូ។ កងកម្លាំងយន្ដហោះ B-52 បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ព អាកាសអង់គ្លេស RAF Fairford កាលពីសប្ដាហ៍មុន ហើយបានចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាលជាច្រើននៅទូទាំងទ្វីប អឺរ៉ុប។
បន្ថែមពីលើនេះ កាលពីថ្ងៃចន្ទសប្ដាហ៍កន្លងទៅ យន្ដហោះ B-52 ៤គ្រឿងបានដឹកនាំការធ្វើសមយុទ្ធហោះហើរជាច្រើននៅតំបន់ អឺរ៉ុប ក្នុងនោះរួមមានទាំងសមុទ្រន័រវែស សមុទ្របាល់ទិច ប្រទេសអេស្ដូនី មេឌីទេរ៉ាណេ និងក្រិក។ ចំណែកឯ យន្ដហោះ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 មកពីមូលដ្ឋានទ័ពអាកាស Andersen នៃកោះ Guam និង RAF Fairford ក៏បានចូលរួមក្នុង លំហាត់សឹកដូចគ្នានេះដែរនៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប រហូតដល់ហោះឆ្វែលទៅកាន់តំបន់ភាគខាងកើតនៃឧបទ្វីប Kamchatka ក្បែរប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ី និងអាមេរិកកំពុងមានភាពតានតឹងនឹងគ្នា ក្រោយប្រកាសរៀងៗខ្លួនពីការដើរចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរ (INF) ដែលប្រទេសទាំង២បានចុះហត្ថលេខានៅឆ្នាំ១៩៨៧។ មិនតែប៉ុណ្ណោះ មហាអំណាចទំាង២ក៏បានព្រមានដាក់ គ្នាទៅវិញទៅមកផងដែរជុំវិញការដាក់ពង្រាយមីស៊ីលនៅលើទ្វីបអឺរ៉ុប ស្របពេលអ្នកជំនាញជាច្រើនព្រួយបារម្ភថាការរត់ប្រណាំង សពា្វវុធ និងសង្រ្គាមត្រជាក់អាចនឹងផ្ទុះឡើងជាថ្មី៕