(ប៉េកាំង)៖ នាថ្ងៃពុធនេះចិនបានទទួលជោគជ័យថ្មីមួយ ក្នុងការធ្វើតេស្តហោះហើរយន្តហោះដ្រូនថ្មី (UAV ឬ Unmanned Aerial Vehicle) ឈ្មោះថា LQ-H ដែលដំណើរការដោយថាមពលថ្ម ឬអាគុយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន COMAC បានឲ្យដឹងថា LQ-H គឺជាយន្តហោះដ្រូនដែលមានមុខងារចម្បង ក្នុងការធ្វើបទបង្ហាញពីផ្នែកបច្ចេកទេស ហើយវាបានធ្វើតេស្តហោះហើរដោយជោគជ័យ នៅឯព្រលានយន្តហោះក្នុងទីក្រុង ចេងចូវ (Zhengzhou) នៃខេត្ត ហេណាន (Henan) ភាគកណ្តាលប្រទេសចិន។ បើតាមក្រុមហ៊ុន COMAC ថ្មដែលយន្តហោះដ្រូនប្រើប្រាស់ ដើម្បីដំណើរការគឺប្រភេទថ្ម Hydrogen Fuel Battery ខណៈថ្មបន្ទាប់បន្សំរបស់វាគឺប្រភេទ Lithium Battery។
គួរជម្រាបថា ថាមពលអ៊ីដ្រូសែន (Hydrogen) អាចទាញយកមកបាន តាមរយៈប្រភពធនធានថាមពលអាចកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងថាមពលពីកម្លាំងខ្យល់បក់ជាដើម។ ក្រុមហ៊ុន COMAC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍យន្តហោះដឹកអ្នកដំណើរចិន C919 ផងដែរនោះ បានលើកឡើងថា ការធ្វើតេស្តនាថ្ងៃពុធនេះលើដ្រូន LQ-H គឺជាវឌ្ឍនភាពគួរឲ្យកត់សម្គាល់មួយ ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកការបង្កើតយន្តហោះដែលប្រើប្រាស់ថាមពលថ្មី៕