(ហ្សាការតា)៖ អាជ្ញាធរខេត្ត ប៉ាពួរ (Papua) ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កំពុងត្រៀមរៀបចំការបញ្ចុះសពទ្រង់ទ្រាយធំមួយ សម្រាប់ជនរងគ្រោះពីទឹកជំនន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះបានកើនឡើងដល់ ១០៤នាក់ហើយ នៅថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
បើទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ក្រៅពីនេះប្រជាជនជិត ១០,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានពួកគេ ហើយទឹកជំនន់និងបំណាក់ដី ក៏បានបង្ករបួសស្នាមដល់មនុស្ស ១៦០នាក់ផងដែរ ដោយក្នុងនោះ៨៥នាក់របួសធ្ងន់ ខណៈប្រជាជន ៧៩នាក់ទៀតបាត់ខ្លួន។ លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) អ្នកនាំពាក្យទីភ្នាក់ងារបានឲ្យដឹងថា ក្រោយការពិគ្រោះយោបល់ជាមួយក្រុមគ្រួសារជនរងគ្រោះ និងព្រះវិហារ ពិធីបុណ្យសព្វទ្រង់ទ្រាយធំមួយសម្រាប់អ្នកបាត់បង់ជីវិត នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក។
គួរជម្រាបថា កាលពីចុងសប្តាហ៍មុនទឹកជំនន់ និងបំណាក់ដីបានវាយលុកចំតំបន់ក្បែរទីក្រុង ហ្សាយ៉ាភួរ៉ា (Jayapura) នៃខេត្ត Papua បន្ទាប់ពីមានភ្លៀងយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ជួរភ្នំ សាយក្លូបស៍ (Cyclops) ដែលបានបាត់បង់ព្រៃឈើភាគច្រើន ដោយសារការកាប់យកទៅប្រើប្រាស់របស់អ្នកភូមិ និងការយកដីទៅធ្វើស្រែចម្ការរបស់ប្រជាកសិករ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ក៏ធ្លាប់បានព្រមានអាជ្ញាធរខេត្តអំពីគ្រោះថ្នាក់នៃទឹកជំនន់ ដោយសារតែការបាត់បង់ព្រៃឈើផងដែរនាពេលកន្លងមក៕