(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM របស់ប្រទេសរុស្ស៊ី ដែលត្រូវបានធ្វើទំនើបកម្មនឹងទទួលបានការបំពាក់គ្រាប់មីស៊ីលប្រដេញគោលដៅប្រភេទថ្មីដើម្បីបង្កើនសមត្ថភាពបន្ថែម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
យោងតាមប្រភពពីបុគ្គលក្នុងវិស័យឧស្សហកម្មផលិតយន្តហោះនៃប្រទេសរុស្ស៊ី គ្រាប់មីស៊ីលថ្មីដែលមានកូនឈ្មោះថា Article 305 កំពុងស្ថិតក្រោមការរចនាអភិវឌ្ឍន៍សម្រាប់ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM ហើយរយៈចម្ងាយនៃការបាញ់របស់មីស៊ីលប្រដេញនេះនឹងលើសពី២៥គីឡូម៉ែត្រ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា គ្រាប់មីស៊ីលថ្មីនេះនឹងអាចកម្ទេចរថពាសដែក និងសំណង់បន្ទាយដែលរឹងមាំបានយ៉ាងមានប្រសិទ្ធភាព ទាំងនៅពេលយប់និងនៅពេលថ្ងៃ។
គួរជម្រាបថា បច្ចុប្បន្ន រយៈចម្ងាយឆ្ងាយបំផុតនៃមីស៊ីលប្រដេញ ដែលប្រើប្រាស់ដោយក្រុមឧទ្ធម្ភាគចក្រប្រយុទ្ធរុស្ស៊ី គឺមិនលើសពី២៥គីឡូម៉ែត្រឡើយ។ រីឯឧទ្ធម្ភាគចក្រ Mi-28NM គឺជាស៊េរីដែលត្រូវបានធ្វើទំនើបកម្មនៃឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28N Night Hunter ដោយកិច្ចការនេះបានចាប់ផ្តើមតាំងតែពីឆ្នាំ២០០៩មកម្ល៉េះ។ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28NM នឹងត្រូវបំពាក់ប្រព័ន្ធរ៉ាដាថ្មី ប្រព័ន្ធប្រតិបត្តិការនិងប្រព័ន្ធមួយចំនួនទៀតដែលសុទ្ធតែថ្មី រួមជាមួយសព្វាវុធដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការវាយប្រហារឲ្យចំគោលដៅ៕