(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ចេញមុខជំទាស់ប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមរារាំងក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មិនឲ្យចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network ជំនាន់ក្រោយ 5G ដែលក្រុមហ៊ុនកំពុងនាំមុខគេខ្លាំងលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងកំឡុងកិច្ចប្រជុំដំណោះស្រាយសកលប្រចាំឆ្នាំ Global Solutions Summit នៅទីក្រុងប៊ែរឡាំង លោកស្រី Merkel បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមិនគួរហាមឃាត់ក្រុមហ៊ុនមួយ គ្រាន់តែក្រុមហ៊ុននោះមកពីប្រទេសណាមួយឡើយ។ ពួកយើងគួរតែផ្តល់ឱកាសឲ្យដល់គ្រប់គ្នា»។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់បានកត់សម្គាល់ថា ប្រទេសជាច្រើនក៏បានប្រើប្រាស់បចេ្ចកវិទ្យារបស់ Huawei។
គួរជម្រាបថា នៅក្នុងកិច្ចការអភិវឌ្ឍន៍បណ្តាញ Network 5G ដ៏ចាំបាច់ អាល្លឺម៉ង់បានប្រឈមមុខជាមួយការព្រមានដាក់សម្ពាធ ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត ដែលចង់ឲ្យហាមឃាត់ Huawei មិនឲ្យចូលរួមចំណែកក្នុងដំណើរការនេះ ដោយរួមមានទាំងការព្រមានលែងចែករំលែកព័ត៌មានសម្ងាត់ ជាមួយរដ្ឋាភិបាលទីក្រុងប៊ែរឡាំងជាដើម។
ប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីតាមរុកគួនក្រុមហ៊ុន Huawei ដោយបានដាក់សម្ពាធបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យហាមឃាត់ Huawei កុំឲ្យពាក់ព័ន្ធក្នុងការកសាងបណ្តាញ Network 5G នៅក្នុងប្រទេសរបស់ពួកគេ។ ទីក្រុងវ៉ាស៊ីនតោនបានចោទថា Huawei បានលួចព័ត៌មានពាណិជ្ជកម្ម និងស៊ើបការណ៍ឲ្យរដ្ឋាភិបាលចិន ប៉ុន្តែក្រុមហ៊ុន Huawei បានចេញមុខអះអាងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាលចិន ដូចសហរដ្ឋអាមេរិកបានចោទប្រកាន់តែឯងនោះឡើយ។
គួរជម្រាបថា បើតាមការលើកឡើងកន្លងមករបស់ក្រុមអ្នកជំនាញវិញ ទង្វើរុកគួនរបស់សហរដ្ឋអាមេរិកទៅលើ Huawei គឺដោយសារតែមហាអំណាចលេខ ១ ដែលធ្លាប់តែមានឥទ្ធិពលគ្របដណ្តប់លើពិភពលោកសឹងតែគ្រប់វិស័យមួយនេះ ហាក់បានភ្ញាក់រលឹកថា ចិនកំពុងតែដើរនាំមុខខ្លួនក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាពិសេសគឺការផ្គត់ផ្គង់បណ្តាញ 5G នេះតែម្តង ទើបរដ្ឋបាលអាមេរិកព្យាយាមរិះរកគ្រប់វិធីដើម្បីបង្អាក់ដំណើរការរីកធំធាត់របស់ Huawei នេះ តាមរយៈអំណាចគម្រាមកំហែងរបស់ខ្លួន ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តនានារបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងទទួលសេវាពីក្រុមហ៊ុនចិនដ៏ធំមួយនេះ៕