(ញូដេលី)៖ ក្រុមពីឡុតបើកយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ឯកជនឥណ្ឌា Jet Airways បានព្រមានធ្វើកូដកម្មមិនចូលធ្វើ ការចាប់ពីថ្ងៃទី០១ ខែមេសាក្រោយនេះតទៅ បើសិនជាក្រុមហ៊ុនមិនផ្ដល់ដំណោះសា្រយសមរម្យ ពាក់ព័ន្ធនឹងការបើកប្រាក់ខែរបស់ពួកគេទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
ក្រុមហ៊ុន Jet Airways ត្រូវបានគេរាយការណ៍ថា កំពុងជំពាក់បំណុលយ៉ាងច្រើនប្រមាណមួយពាន់លានដុល្លារ និងកំពុងសងប្រាក់ទៅឱ្យម្ចាស់បំណុលនានាវិញជាច្រើនខែមកហើយ។ លើសពីនេះទៅទៀត វិបត្តិហិរញ្ញវត្ថុនេះបានបង្ខំឱ្យក្រុមហ៊ុនលុបចោលជើងហោះហើររាប់រយជើង ខណៈកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍តូចៗនៅក្នុងស្រុក។ មិនតែប៉ុណ្ណោះបច្ចុប្បន្នយន្ដហោះជិត ៤០គ្រឿងក៏ត្រូវបានបញ្ឈរជើងផងដែរ ក្នុងចំណោមយន្តហោះខ្លួនទាំងអស់ជាង ១០០គ្រឿង។
គួរបញ្ជាក់ថា បើតាមអគ្គនាយដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា ក្រុមហ៊ុន Jet Airways កំពុងប្រតិបត្តិការជើងហោះហើរតែជាង ១៤០ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះបើធៀបទៅនឹងខែមីនា ឆ្នាំ២០១៨ ដែលក្រុមហ៊ុននេះប្រតិបត្តិការជើងហោះហើរ ៦៥០ក្នុងមួយថ្ងៃ៕