(អ៉ីស្តង់ប៊ុល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយផែនដីអឺរ៉ុបបានឲ្យដឹងថា រញ្ជួយដីមួយមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារចំភាគខាងលិចប្រទេសតួកគី ប៉ុន្តែភ្លាមៗបែបនេះមិនទាន់មានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះបានបង្កឲ្យមានមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
គួរជម្រាបថា យ៉ាងណាក៏ដោយប្រសិនបើគ្រោះរញ្ជួយដីខាងលើ ដែលបានកើតឡើងនៅក្នុងខេត្ត ឌែនីហ្ស៊ីលី (Denizili) ភាគខាងលិចតួកគីនាថ្ងៃពុធនេះ និងមានចំណុររញ័រនៅក្បែរស្រុក អាស៊ីផាយ៉ាម (Acipayam) មានជម្រៅរាក់ហើយចំកន្លែងមានមនុស្សរស់នៅច្រើន វានឹងបង្កបញ្ហាធំជាក់ជាពុំខាន។ ដោយឡែកទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីចិន ក៏ដូចជាតួកគីផ្ទាល់បានរាយការណ៍ថា រញ្ជួយដីខាងលើមានកម្រិតត្រឹម ៥.៦-៥.៧រ៉ិចទ័រប៉ុណ្ណោះ៕