(ម៉ូស្គូ)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ពីឡុតជំនួយម្នាក់បានជួយសង្រ្គោះពីឡុតនៃយន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបាត់បង់ការគ្រប់គ្រងមួយថ្ងៃ មុននឹងជួបសោកនាដកម្ម ធ្លាក់នៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
ផ្អែកលើប្រភពចំនួនពីរស្និទ្ធនឹងការស៊ើបអង្កេតដែលខ្លួនទទួល សារព័ត៌មាន Bloomberg បានឱ្យដឹងទៀតថា ពីឡុតជំនួយរូបនេះបានប្រាប់ពីឡុតបញ្ជាយន្ដហោះពីរបៀបដោះស្រាយ បញ្ហាគាំងប្រព័ន្ធគ្រប់គ្រងការហោះហើរ។ ប៉ុន្តែមួយថ្ងៃបន្ទាប់យន្ដហោះ Boeing 737 Max 8 ក្រោមការបញ្ជាដោយពីឡុតផ្សេងទៀត ស្រាប់តែធ្លាក់នៅឯសមុទ្រនៃកោះជា្វរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈ មូលហេតុធ្លាក់ត្រូវបានគេរាយការណ៍ថា មកពីបញ្ហាមិនដណើរការនៃប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Lion Air បានបញ្ជាក់ថា ខាងក្រុមហ៊ុនមិនទាន់អាចធ្វើការអត្ថាធិប្បាយបន្ថែមណាមួយនោះទេ ខណៈការស៊ើបអង្កេតនៅតែបន្តធ្វើឡើងនៅឡើយ។
គួរជម្រាបថា កាលពីខែតុលា ឆ្នាំ២០១៨ យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលសមុទ្រនៃកោះជ្វាប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្ស ១៨៩នាក់ រីឯក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ក្រុមហ៊ុននេះថា បានព្រងើយ កន្ដើយពីបទបញ្ជាឱ្យផ្អាកប្រតិបត្តិការយន្ដហោះដែលមានបញ្ហា។ ដោយឡែកកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ យន្ដហោះប្រភេទនេះដដែលបានធ្លាក់នៅនៅអេត្យូពីជាថ្មី ដោយបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ ហើយវាកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing៕