(ភ្នំពេញ)៖ យោងតាមការដកស្រង់ របាយការណ៍មួយ ស្តីពីការប្រើប្រាស់ ប្រព័ន្ធឌីជីថល របស់វែបសាយ ស្រាវជ្រាវ Hootsuite សម្រាប់ ឆ្នាំ២០១៩ ចំនួនអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមជាប្រចាំ នៅប្រទេសកម្ពុជា មានការកើនឡើង ខ្ពស់ជាង គេបង្អស់ ក្នុងចំណោម បណ្តាប្រទេស នៃ តំបន់ អាស៊ាន ។ នេះបើតាម ការដកស្រង់ ព័ត៌មាន នៅរសៀល ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ ខាងលើ គិតត្រឹមដើម ឆ្នាំ២០១៨ ដល់ដើម ឆ្នាំ២០១៩ ចំនួនអ្នកប្រើប្រាស់ បណ្តាញសង្គម ជាប្រចាំនៅកម្ពុជា បានកើន ជាង ១លាននាក់ទៀត ដែលស្មើនឹង កំណើនក្នុង អត្រា ២០ភាគរយ ។ សរុបមកក្នុង ឆ្នាំ២០១៩នេះ អ្នកប្រើប្រាស់ បណ្តាញ សង្គម ជាប្រចាំនៅកម្ពុជា មាន ចំនួន ៨.៤លាននាក់ ក្នុងចំណោម ប្រជាជន សរុបជាង ១៦លាននាក់ ខណៈនៅ ឆ្នាំ២០១៨ មាន អ្នក ប្រើប្រាស់ ៧លាននាក់, នៅឆ្នាំ ២០១៧ មាន ជិត៥លាននាក់ ហើយបើធៀបទៅនឹងឆ្នាំ២០១២ កម្ពុជាមានអ្នកប្រើបណ្តាញ សង្គម ត្រឹមតែជាងកន្លះលាននាក់ប៉ុណ្ណោះ។ សម្រាប់បណ្តាញ សង្គមដែលមាន ភាព ពេញនិយមជាងគេ នៅកម្ពុជាគឺ Facebook និង Instagram។
គួរជម្រាបថា បន្ទាប់ពីកម្ពុជាសម្រាប់ប្រទេស អាស៊ាន ដែលមានកំណើន អ្នកប្រើបណ្តាញ សង្គម ជាប្រចាំ ខ្ពស់បន្ទាប់ នោះ គឺ មីយ៉ានម៉ា ដែល មានអត្រា កំណើន អ្នកប្រើប្រាស់ ១៧ភាគរយ ដែលនៅដើមឆ្នាំនេះ មានអ្នកប្រើប្រាស់ បណ្តាញ សង្គមជាប្រចាំខ្ទង់ ២១លាននាក់ ក្នុងចំណោម ប្រជាជន សរុបជាង ៥៤លាននាក់។ រីឯ លេខរៀង ទី ៣ វិញ គឺឥណ្ឌូណេស៊ី ដែលបច្ចុប្បន្ន មានអ្នកប្រើបណ្តាញ សង្គម ១៥០លាននាក់ (ស្មើនឹង កំណើនក្នុងអត្រា ១៥ភាគរយ) ក្នុងចំណោ មចំនួនប្រជាជន សរុប ២៦៨លាននាក់។
ដោយឡែកយោង តាមរបាយការណ៍ដដែល ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសថៃ គិតត្រឹមដើមឆ្នាំ២០១៩នេះ គឺពុំមានការប្រែ ប្រួល អ្វីឡើយ គឺនៅតែ៥១លាននាក់ដដែល ហើយប្រ៊ុយណេ ក៏ដូចជាគ្នាគឺនៅត្រឹម ៤១០,០០០នាក់ ក្នុង ចំណោម ប្រជាជនជាង ៤.៣ សែននាក់ ។ រីឯសិង្ហបុរីគឺមានការធ្លាក់ចុះជាង ៤ភាគរយទៅវិញ ដោយនៅដើម ឆ្នាំ២០១៩ មានចំនួនអ្នកប្រើប្រាស់ បណ្តាញសង្គម ជាប្រចាំចំនួន ៤.៦ លាន នាក់ បន្ទាប់ពីបាត់បង់ អ្នកប្រើជាង ២សែននាក់។ សម្រាប់ប្រទេស ឡាវ វៀតណាម និងហ្វីលីពីន មានកំណើន អ្នក ប្រើបណ្តាញសង្គម ១៣ភាគរយដូច គ្នា ខណៈម៉ាឡេស៊ីមានកំណើន ៤.២ភាគរយ៕