(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូសង្ឃឹមថា ប្រធានាធិបតីអ៊ុយក្រែននៅអាណត្តិថ្មីនេះ អាចនឹងចូលរួមស្ដារសន្តិភាពឡើងវិញជាមួយរុស្ស៊ី ខណៈប្រទេសទាំងពីរនៅតែកំពុងមានភាពតានតឹងនឹងគ្នាជុំវិញតំបន់គ្រីមៀចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ភែស្កូវ (Dmitry Peskov) ក៏បានគូសបញ្ជាក់ដែរថា វានឹងក្លាយជារឿងដ៏ល្អប្រសើរ បើប្រធានាធិបតីអ៊ុយក្រែនថ្មីចេះទទួលស្គាល់ការពិត មានការវិនិច្ឆ័យសមហេតុសមផល និងជាប្រធានាធិបតីស្រឡាញ់សន្តិភាព មិនមែនសង្រ្គាមនោះឡើយ។ ប៉ុន្តែព្រមពេលជាមួយ លោក Peskov នៅតែសង្កត់ធ្ងន់ដដែលថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែនប្រហែលជានឹងមិនប្រសើរឡើងវិញនោះទេ បើសិនជាប្រធានាធិបតីបច្ចុប្បន្នលោក ផេត្រូ ផូរ៉ូហ្សេនកូ (Petro Poroshenko) ទទួលបានជ័យជម្នះជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនានេះ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ (Volodymyr Zelensky), លោក Poroshenko និងអ្នកនយោបាយមកពីបក្សប្រឆាំង គឺលោកស្រី យូលៀ ទីម៉ូហ្សេនកូ (Yulia Tymoshenko) ត្រូវបានគេចាត់ទុកថា ជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងសម្រាប់ការបោះឆ្នោត ប្រធានាធិបតីអ៊ុយក្រែន៕